សមយុទ្ធសុខាភិបាល «ទេវតាសន្តិភាព-ឆ្នាំ២០២៣» បានចាប់ផ្តើម

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការមច្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ ជាមួយបណ្តាប្រទេសជាមិត្ត និងការចាត់តាំងនានាក្នុងកងយោពលមខេមរភូមិន្ទ និងលោកវរសេនីយ៍ឯក ហាវ លីយាន នាយករង នាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានផ្គត់ផ្គងភស្តុភារ នៃគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសមយុទ្ធសុខាភិបាលរួមគ្នា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ប្រទេសកម្ពុជា។

សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣នេះ បានរៀបចំក្រោមប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់ គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ នៃកងទ័ពទាំងពីរកម្ពុជា-ចិន» ដោយធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ដោយយមានកិច្ចសហប្រតិបត្តិការ និងការព្រមព្រៀងរវាងទ័ពកម្ពុជា ចិន គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នឹងមានការធ្វើសមយុទ្ធរួមគ្នាមួយលើផ្នែកជំនាញសុខាភិបាល ដែលមានឈ្មោះថា “ទេវតាសន្តិភាព–ឆ្នាំ២០២៣”។ គោលបំណងសំខាន់នៃការធ្វើសមមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន គឺដើម្បីចូលរួមអបអរសាទរខួបលើកទី៦៥ឆ្នាំ ថ្ងៃបង្កើតចំណងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់សមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឱ្យប្រកបដោយប្រសិទ្ធភាព។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

អ្នកនាំពាក្យបន្តថា សមយុទ្ធរួមគ្នានេះ ធ្វើនៅបញ្ជាការដ្ឋានទ័ពពិសេស នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោមប្រធានបទប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយ តំបន់ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ។ សមយុទ្ធនេះ គឺមានរយៈពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ចំពោះការចូលរួមរបស់កងកម្លាំងនៃប្រទេសទាំងពីរ គឺខាងភាគីកងទ័ពកម្ពុជាមានចំនួនចូលរួម៥៩៥នាក់ ដោយក្នុងបនោះកម្លាំងប្រតិបត្តិការដែលចូលសមយុទ្ធជាក់ស្តែងមានចំនួន២៣៧នាក់ និងភាគីចិនមានចំនួន១២៦នាក់។ ចំពោះសម្ភារៈដែលចូលរួមនៅក្នុងសមយុទ្ធទេវតាសន្តិភាព គឺខាងភាគីចិនមានយន្តហោះសុខាភិបាលចំនួន១គ្រឿង រថយន្តសង្គ្រោះចំនួន៣គ្រឿង រួមនឹងបរិក្ខាសុខាភិបាល សម្ភារៈសង្គ្រោះធានាគ្រប់ប្រភេទជាច្រើនឈុតផងដែរ។ ចំណែកភាគីកម្ពុជាមានឧទ្ធម្ភាគចក្រ (ME17) ចំនួន ២គ្រឿង និងឧទ្ធម្ភាគចក្រ Z9 ចំនួន ២គ្រឿង រួមនឹងរថយន្តសុខាភិបាលចំនួន៦គ្រឿង និងបរិក្ខាសង្គ្រោះជាច្រើនទៀត។

សូមជម្រាបថា ការធ្វើសមយុទ្ធរួមគ្នារវាងកងយោធពលខេមរភុមិន្ទ និងកងទ័ពរំដោះប្រជាជនចិន គឺបានធ្វើចំនួន ៥លើករួចមកហើយ ដោយផ្តោតលើការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការប្រឆាំងអំពើភេរវកម្មជាដើម។ សម្រាប់ឆ្នាំ២០២៣ នេះ គឺកងទ័ពទាំងពីរកម្ពុជា ចិន ធ្វើសមយុទ្ធទេវតាសន្តិភាព ផ្តោតលើជំនាញសុខាភិបាល។ នេះគឺជាលើកទី១ ដែលកងទ័ពកម្ពុជា ចិន បានលើកកម្ពស់កងទ័ពនៃប្រទេសទាំងពីរលើវិស័យផ្នែកប្រតិបត្តិការការជួយសង្គ្រោះផ្នែកសុខាភិបាល៕
ដោយ៖ពលជ័យ
រូបភាព៖សេនាធិការចម្រុះ

ads banner