សម្តេចធិបតី ហ៊ុន ម៉ាណែត ចាកចេញពីរដ្ឋធានីប៉េកាំង ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ប្រទេសចិន
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាក់ចេញពីរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ។
នៅក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងណាននីង នៃតំបន់ស្វយ័តក្វាងស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានកម្មវិធីបន្ថែមមួយចំនួនផងដែររួមមាន៖ សម្ដេចនាយករដ្ឋមន្ត្រី នឹងទទួលជួបសម្ដែងការគួរសមដោយឯកឧត្តម លី នីង អគ្គលេខាធិការបក្សតំបន់ស្វយ័តក្វាងស៊ី និងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី២០ ព្រមទាំងអញ្ជើញកាត់ខ្សែបូរណ៌សម្ពោធពន្លាជាតិកម្ពុជា និងសម្ពោធស្តង់ពិព័រកម្ពុជាផងដែរ។
បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អមដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏អញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) លើកទី៣ នៅទីក្រុងណាននីង នៃតំបន់ស្វយ័តក្វាងស៊ី ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ បណ្ដាញសង្គមសម្ដេចធិបតី