លោក ហ្សេលេនស្គី នឹងធ្វើទស្សនកិច្ចក្នុងសម័យសង្គ្រាមជាលើកទី២ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកការគាំទ្របន្ថែមទៀត
កៀវ៖ សេតវិមានបានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញាថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងធ្វើទស្សនកិច្ចក្នុងសម័យសង្គ្រាមជាលើកទីពីររបស់គាត់ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយនេះ ដើម្បីស្វែងរកការគាំទ្របន្ថែមទៀត ពីអ្នកគាំទ្រដ៏សំខាន់របស់ខ្លួននៅក្នុងជម្លោះជាមួយរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងធ្វើដំណើរទៅកាន់សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ ដើម្បីធ្វើកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយក៏នឹងមានកិច្ចប្រជុំនៅសភាអាមេរិកផងដែរ ខណៈដែលលោក បៃដិន ស្វែងរកការជំរុញផ្តល់កញ្ចប់ជំនួយថ្មីដ៏សំខាន់សម្រាប់ទីក្រុងកៀវ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន បាននិយាយថា ការបំពេញទស្សនកិច្ចរបស់លោក ហ្សេលេនស្គី បានកើតមានឡើងនៅក្នុងពេលវេលាដ៏សំខាន់ នៅពេលដែលអ៊ុយក្រែនធ្វើការវាយលុកតបតប្រឆាំងនឹងរុស្ស៊ី។
លោក ស៊ូលីវ៉ាន បានប្រាប់អ្នកយកព័ត៌មានថា នាឱកាសនោះដែរ លោក បៃដិន នឹងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបន្តដឹកនាំពិភពលោកឱ្យគាំទ្រដល់អ៊ុយក្រែន ខណៈដែលទីក្រុងកៀវការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសខ្លួន។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាប្រមាណ ៤៣,៧ពាន់លានដុល្លារហើយដល់អ៊ុយក្រែន គិតចាប់តាំងតែពីពេលដែលរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា