ប្រធានធនាគារព្រមានថា កំណើនសេដ្ឋកិច្ចរុស្ស៊ីនឹងធ្លាក់ចុះនៅឆមាសទី ២ នៃឆ្នាំ ២០២៣
មូស្គូ៖ ទេសាភិបាលធនាគារកណ្តាលរុស្ស៊ី អ្នកស្រី អែលវីរ៉ា ណាប៊ីលីណា បានព្រមាននៅថ្ងៃទី១៥ ខែកញ្ញាថា កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងថយចុះនៅក្នុងឆមាសទី ២ នៃឆ្នាំ ២០២៣នេះ ខណៈដែលទីក្រុងមូស្គូកំពុងជួបបញ្ហាកង្វះកម្លាំងពលកម្ម សម្ពាធទណ្ឌកម្ម និងប្រាក់ចំណូលនាំចេញធ្លាក់ចុះ។
ទេសាភិបាលធនាគារកណ្តាល អ្នកស្រី អែលវីរ៉ា ណាប៊ីលីណា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីធនាគារបានដំឡើងអត្រាការប្រាក់ជាលើកទីបីក្នុងរយៈពេលពីរខែមកនេះថា យើងរំពឹងថា អត្រាកំណើនសេដ្ឋកិច្ចនឹងមានកម្រិតមធ្យមបន្ថែមទៀតនៅក្នុងឆមាសទីពីរ នៃឆ្នាំ២០២៣នេះ។
អ្នកស្រីបន្តថា អត្រាកំណើនសេដ្ឋកិច្ចអាចត្រូវបានកំណត់ ដោយផ្អែកលើធនធាន និងកម្លាំងពលកម្ម ហើយថា ធនាគារកំពុងរក្សាការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក្នុងចន្លោះពី ១.៥ ដល់ ២.៥ភាគរយក្នុងឆ្នាំ ២០២៣នេះ ប៉ុន្តែបានកាត់បន្ថយកំណើនសម្រាប់ឆ្នាំ ២០២៤ ដល់កម្រិតអតិបរមាពី ០.៥ ដល់ ១.៥ភាគរយ។
ទន្ទឹមគ្នា ធនាគារកណ្តាលរុស្ស៊ីក៏បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះដែរថា ខ្លួនកំពុងបង្កើនអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួន ចាប់ពី ១ភាគរយដល់ ១៣ភាគរយដោយលើកឡើងពីការធ្លាក់ចុះនៃរូបិយបណ្ណប្រាក់រូប្លិ៍ និងអតិផរណា ដែលស្ថិតលើគោលដៅ ៤ភាគរយរបស់ធនាគារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា