មេបញ្ជាការទ័ពអាកាសអាស៊ានជាច្រើននាក់ មិនបានទៅចូលរួមកិច្ចប្រជុំនៅមីយ៉ាន់ម៉ា

ណៃពិដោ៖ មេបញ្ជាការកងទ័ពជើងអាកាសជាច្រើនរបស់ប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន មិនបានទៅចូលរួមសន្និសីទក្នុងប្រទេសមីយ៉ាន់ម៉ានៅសប្តាហ៍នេះ បន្ទាប់ពីអាស៊ានបានប្រកាសថ្កោលទោសរបបយោធាដែលកំពុងកាន់អំណាច ថាបានវាយប្រហារទៅលើជនស៊ីវិលនៅក្នុងប្រតិបត្តការបង្ក្រាបក្រោយរដ្ឋប្រហាររបស់ខ្លួន។

ការថ្កោលទោសពីសំណាក់អាស៊ានទៅកាន់របបយោធានេះ បានធ្វើឡើងកាលពីសប្តាហ៍មុន ដោយបានចោទប្រកាន់ថា របបយោធាមិនអើពើនឹងផែនការសន្តិភាពដែលបានព្រមព្រៀងគ្នាដើម្បីបញ្ចប់អំពើហិង្សាដែលបង្កឡើងដោយក្រុមធ្វើរដ្ឋប្រហាររបស់របបយោធា។

មីយ៉ាន់ម៉ានៅតែជាសមាជិកអាស៊ាន ប៉ុន្តែមេដឹកនាំយោធាដែលកំពុងគ្រប់គ្រងប្រទេសនេះ ត្រូវបានដកចេញ មិនអនុញ្ញាតឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាននោះទេ រាប់ចាប់តាំងពីការចូលកាន់តំណែងរបស់ពួកគេ។ គួរដឹងដែរថា ប្រមុខកងកម្លាំងដែនអាកាសទាំង ១០ ប្រទេសតែងតែជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម និងការកាត់បន្ថយគ្រោះមហន្តរាយផ្សេងៗ។

នៅឆ្នាំនេះ មីយ៉ាន់ម៉ាជាប្រទេសទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះនៃជំនួបរវាងមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ដែលបានចាប់ផ្តើមនៅថ្ងៃពុធ ទី១៣ ខែកញ្ញា ហើយគ្រោងនឹងបញ្ចប់ទៅនៅថ្ងៃសុក្រ។ យ៉ាងណាក៏ដោយ មេទ័ពអាកាសរបស់ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន និងសិង្ហបុរី មិនបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនោះទេ នេះបើយោងតាមក្រុមអ្នកផ្ដល់ព័ត៌មានរបស់របបយោធា។

ទន្ទឹមនេះ កាលពីថ្ងៃអង្គារ មេទ័ពអាកាសមកពីប្រទេសព្រុយណេ កម្ពុជា ឡាវ ថៃ និងវៀតណាម បានធ្វើដំណើរទៅដល់រដ្ឋធានីណៃពិដោ (Naypyidaw) ។នេះបើយោងតាមក្រុមអ្នកផ្ដល់ព័ត៌មានរបស់របបយោធាបានប្រាប់ឱ្យដឹងកាលពីល្ងាចថ្ងៃពុធ។

ប្រមុខកងទ័ពអាកាសមីយ៉ាន់ម៉ា លោក ធុន អួង (Htun Aung) ដែលត្រូវបានសហរដ្ឋអាមេរិក និងអង់គ្លេសដាក់ទណ្ឌកម្ម បានចូលជួបជាមួយប្រមុខកងទ័ពអាកាសដាច់ដោយឡែក ម្ដងម្នាក់ៗ នៅពេលដែលពួកគេបានធ្វើដំណើរទៅដល់ទីនោះ។ ជំនួបនោះផងដែរ ពួកគេបានពិភាក្សាអំពីបញ្ហានៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងដែនអាកាសរបស់អាស៊ាន។

ដោយឡែក ប្រមុខកងទ័ពអាកាសហ្វ៊ីលីពីន និងសិង្ហបុរី បានធ្វើការផ្ញើសារជាវីដេអូជំនួសវិញ។ ដោយក្នុងនោះ ពួកគេបានធ្វើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដើម្បីបរិស្ថានប្រកបដោយនិរន្តរភាព។ រហូតមកទល់ពេលនេះ អាស៊ាននៅមិនទាន់ទទួលបានផ្លែផ្កាអ្វីទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិផ្ទៃក្នុងដ៏រ៉ាំរ៉ៃនៅប្រទេសមីយ៉ាន់ម៉ានោះទេ ហើយវិបត្តិនេះក៏បានធ្វើឱ្យមានការជម្លៀសប្រជាជនប្រមាណជាង ១,៥ លាននាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ។

ថ្មីៗនេះ ប្រទេសថៃបានបើកពិភាក្សាជាមួយរបបយោធាក្រៅផ្លូវការ ដែលហាក់ដូចជាបានធ្វើឲ្យមានការបែកបាក់គ្នាក្នុងប្លុកអាស៊ានកាន់តែខ្លាំង។ កាលពីខែកក្កដា អតីតរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសថៃបានលាតត្រដាងថា លោកបានចូលជួបជាមួយមេដឹកនាំជាប់ទោសរបស់មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី។ នេះគឺជាជំនួបដែលត្រូវបានគេជឿថាជាលើកដំបូងហើយដែលលោកស្រីបានជួបជាមួយបេសកជនបរទេសចាប់តាំងពីលោកស្រីត្រូវបានឃុំខ្លួនបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១៕ ប្រែសម្រួលដោយ៖ ធា សុណា

ads banner