TAFTAC ស្នើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តផ្តល់កិច្ចសហការជាមួយគ្នាសំដៅទាក់ទាញការវិនិយោគមកកម្ពុជាបន្ថែមទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ស្នើសុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បន្តផ្តល់កិច្ចសហការជាមួយគ្នាសំដៅទាក់ទាញការវិនិយោគមកកម្ពុជាបន្ថែមទៀតជាពិសេសលើវិស័យកាត់ដេរវាយនភណ្ឌ ដែលជាវិស័យរួមចំណែកយ៉ាងធំដល់សេដ្ឋកិច្ចជាតិ។

សំណើរនេះត្រូវបានលើកឡើង ក្នុងឱកាសដែលឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយលោក គង់ សាង ប្រធានសមាគម TAFTAC ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីជំនួបនោះ បានឱ្យដឹងថា លោក គង់ សាង បានលើកឡើងលទ្ធផលការងាររបស់សមាគម និងស្ថានភាពជាក់ស្ដែងនៃការវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណ ជាង២០ឆ្នាំកន្លងមកនេះ ដែលសមាគមបានឆ្លងកាត់។

លោកបានថ្លែងថា សមាគមពិតជាអរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលតែងតែបានជួយសម្របសម្រួល ដោះស្រាយរាល់ការប្រឈមនានារបស់វិនិយោគិន។ ជាមួយគ្នានេះ សមាគម ស្នើសុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្តផ្តល់កិច្ចសហការជាមួយគ្នាសំដៅទាក់ទាញការវិនិយោគមកកម្ពុជាបន្ថែមទៀត ខណៈដែលវិស័យនេះជាផ្នែកមួយ ដែលធ្វើឱ្យសេដ្ឋកិច្ចមានការរីកចំរើន និងបង្កើតការងារជូនប្រជាពលរដ្ឋបានច្រើន។

ជាមួយគ្នានោះដែរឯកឧត្តម ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព របស់សមាគមនាពេលកន្លងមកក្នុងការសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំដៅលើកកម្ពស់ការវិនិយោគ និងការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា៖« ជាការពិតយើងត្រូវបន្តកិច្ចសហការគ្នាដើម្បីធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគ ជាពិសេស រាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានប្តេជ្ញាក្នុងការខិតខំបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។

បន្ថែមលើនេះ ខ្ញុំសំណូមពរឱ្យសមាគម បន្តការខិតខំទាក់ទាញការវិនិយោគរោងចក្រផលិតក្រណាត់ អំបោះ និងជ្រលក់ពណ៌ សម្រាប់គាំទ្រដល់វិស័យ វាយនភណ្ឌ ដើម្បីកាត់បន្ថយការនាំចូលពីបរទេស»។

របាយការណ៍ពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានបង្ហាញថា នៅត្រឹមដើមខែសីហា ឆ្នាំ២០២៣នេះ វិស័យកាត់ដេរនៅកម្ពុជាមានរោងចក្រសរុបចំនួន ១ ០៧៧ រោងចក្រ ដែលក្នុងនោះផលិតសម្លៀកបំពាក់មានចំនួន ៨០២ ផលិតស្បែកជើងមានចំនួន១៤០ និងផលិតកាបូបមានចំនួន ១៣៤ ហើយមានកម្មករសរុបចំនួន ៧៦៤ ៣៥៨ នាក់។

បើតាម TAFTAC បានឱ្យដឹងថា វិបត្តិសេដ្ឋកិច្ចសាកលដែលបន្តអូសបន្លាយមកដល់ពេលនេះ នឹងធ្វើឱ្យស្ថានភាពវិស័យកាត់ដេរនៅកម្ពុជា នៅឆមាសទី២នេះ នឹងមិនប្រែប្រួលប៉ុន្មានឡើយ បន្ទាប់ពីឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញបានធ្លាក់ចុះប្រមាណជិត ២០ភាគយ៕ ដោយ៖ វណ្ណ សុជាតា

ads banner