សហភាពអឺរ៉ុបពិន័យ TikTok ចំនួន ៣៤៥លានអឺរ៉ូ ជុំវិញការបំពានទិន្នន័យកុមារ

ព្រុចសែល៖ និយតករសហភាពអឺរ៉ុប នៅថ្ងៃទី១៥ ខែកញ្ញានេះ បានពិន័យកម្មវិធីចែករំលែកវីដេអូកំសាន្តដ៏ពេញនិយម TikTok របស់ចិនចំនួន ៣៤៥លានអឺរ៉ូ ឬប្រមាណ ៣៦៩លានដុល្លារអាមេរិក ជុំវិញការបំពានទិន្នន័យកុមារ។

គណៈកម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់ (DPC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចផាកពិន័យផ្នែករដ្ឋបាលលើ TikTok ដែលស្មើនឹងទឹកប្រាក់ ៣៦៩លានដុល្លារអាមេរិក ជុំវិញការបំពានទិន្នន័យកុមារ ដែលខ្លួនបានរកឃើញនៅក្នុងការស៊ើបអង្កេតរយៈពេលពីរឆ្នាំមកនេះ។

ទោះបីជាយ៉ាងណា មន្រ្តីឃ្លាំមើលបានទុកពេល ៣ខែដល់ TikTok ដើម្បីនាំយកដំណើរការរបស់ខ្លួនឱ្យស្របតាមច្បាប់វិញ។ TikTok ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance កំពុងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវវ័យ ដោយមានអ្នកប្រើប្រាស់ប្រហែល ១៥០លាននាក់នៅសហរដ្ឋអាមេរិក និង ១៣៤លាននាក់នៅក្នុងសហភាពអឺរ៉ុប។

ជាការឆ្លើយតបទៅនឹងការផាកពិន័យកាលពីថ្ងៃសុក្រសប្តាហ៍នេះដែរ TikTok បានបញ្ជាក់ថា ខ្លួនបដិសេដចំពោះសាលក្រមនេះ។ អ្នកនាំពាក្យរបស់ TikTok បានប្រាប់សារព័ត៌មាន AFP ថា ការចោទប្រកាន់របស់ DPC គឺផ្តោតលើលក្ខណៈពិសេស និងការកំណត់ដែលបានកើតឡើងកាលពី ៣ឆ្នាំមុន ហើយយើងបានធ្វើការផ្លាស់ប្តូរយ៉ាងល្អ មុនពេលការស៊ើបអង្កេតបានចាប់ផ្តើម ដូចជាការកំណត់គណនីទាំងអស់ដែលមានអាយុក្រោម ១៦ឆ្នាំទៅជាលក្ខណៈឯកជនតាមលំនាំដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner