ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា៖ កម្មវីធី ITEC ដើរតួនាទីសំខាន់ក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាចាំកម្ពុជា បានថ្លែងថា ដោយមើលឃើញពីការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា នៃកម្មវីធី ITEC ចំពោះតួនាទីសំខាន់ក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សនោះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលពិសេសៗជាច្រើន តាមការស្នើសុំរបស់ក្រសួងនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានមានប្រសាសន៍ថា ឥណ្ឌាជឿជាក់លើ «Vasudhaiva Kutumbakam» ដែលមានន័យថា ពិភពលោកគឺជាគ្រួសារមួយ ហើយនៅលើផ្លូវនេះឥណ្ឌាចែករំលែកចំណេះដឹង និងជំនាញរបស់ខ្លួនជាមួយពិភពលោក ជាក់ស្តែងកម្មវិធីបណ្តុះបណ្តាលក្រោម ITEC គឺជាឧទាហរណ៍នៃការអនុវត្តទស្សនវិជ្ជាបុរាណឥណ្ឌា។

ITEC មានន័យថា សហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា គឺជាការខិតខំប្រឹងប្រែងរបស់ឥណ្ឌា សូម្បីតែភ្លាមៗបន្ទាប់ពីទទួលបានឯករាជ្យរបស់ខ្លួន ដើម្បីចែករំលែកសមត្ថភាពរបស់ខ្លួនជាមួយប្រទេសដែលកំពុងអភិវឌ្ឍន៍ជាដៃគូក្នុងពិភពលោក ហើយនោះក៏ជាអាទិភាពនៃប្រទេសដៃគូផងដែរ។ លោកជំទាវបណ្ឌិតបន្តថា នាពេលថ្មីៗនេះមន្ត្រីចំនួន២០រូបមកពីក្រសួងកិច្ចការនារី និងមន្ត្រីចំនួន២០រូបផ្សេងទៀតមកពីអាជ្ញាធរមីន បានចូលរួមវគ្គបណ្តុះបណ្តាលនៅឥណ្ឌាដែរ។

នៅខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ មន្ត្រីចំនួន ៤០ រូបមកពីក្រសួងយុត្តិធម៌ក៏ត្រូវចូលរួមវគ្គបណ្តុះបណ្តាល ដោយផ្ទាល់នៅទីក្រុង Bhopal ប្រទេសឥណ្ឌា។ នាឱកាសនោះដែរ លោកបណ្ឌិត សៅ ជីវ័ន បានឱ្យដឹងដែរថា កម្មវិធី ITEC មិនត្រឹមតែបានជួយដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងស្មារតីនៃសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងឥណ្ឌាផងដែរ។
សូមបញ្ជាក់ថា កម្មវិធី ITEC ចាប់បើកដំណើរការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ១៩៦៤។

ITEC គឺជាកម្មវិធីមួយដែលផ្តោតជាចម្បងលើការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រី បុគ្គលិក និយោជក ដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោក។ សព្វថ្ងៃនេះប្រទេសឥណ្ឌាផ្តល់អាហារូបករណ៍ ១៤,០០០នាក់ជារៀងរាល់ឆ្នាំ។ រដ្ឋាភិបាលឥណ្ឌាទទួលបន្ទុករាល់ការចំណាយទាក់ទងនឹងថ្លៃសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលបានជ្រើសរើស។ នៅក្រោមកម្មវិធីនេះ ឥណ្ឌាផ្តល់កម្មវិធីបណ្តុះបណ្តាលសម្រាប់ទាំងមន្រ្តីស៊ីវិល និងមន្រ្តីយោធា មន្រ្តីប៉ូលិសជាដើម។ រហូតមកទល់ពេលនេះ អ្នកដែលបានចូលរួមវគ្គបណ្តុះបណ្តាលជាង ២០០,០០០នាក់នៅក្នុងប្រទេសដៃគូចំនួន ១៦០ បានទាញយកអត្ថប្រយោជន៍ពីកម្មវិធីផ្សេងៗដែលផ្តល់ដោយប្រទេសឥណ្ឌា ក្រោមកម្មវិធី ITEC៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner