កម្ពុជា បានបើកកិច្ចប្រជុំទ្រង់ទ្រាយធំ ដើម្បីស្វែងរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រថ្មីៗ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំទ្រង់ទ្រាយធំក្នុងកម្រិតទូទទាំងប្រទេសជាលើកដំបូងរបស់ខ្លួនជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីស្វែងរកយុទ្ធសាស្រ្ត វិធីសាស្ត្រ និងសកម្មភាពថ្មីៗ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលកំពុងជះឥទ្ធិពលអាក្រក់ដល់សង្គម ដើម្បីឆ្លើយតបទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

កិច្ចប្រជុំនេះប្រព្រឹត្តឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងរដ្ឋមន្រ្តី ស្ថាប័នជំនាញ និងអភិបាលខេត្តពាក់ព័ន្ធផងដែរ។

ប្រភពអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង(NACD)បានឱ្យដឹងថា កិច្ចប្រជុំនេះផ្តោតសំខាន់ជាពិសេសសម្រេចឱ្យបាននូវការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ចំណុចស្នូល ក្នុងមុំទី១ ការពង្រឹង និងការកែសម្រួលស្ថាប័ន ស្តីពីការ «បន្តជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងសិក្សាស្រាវជ្រាវរកវិធានការសមស្រប និងមានប្រសិទ្ធភាព ដើម្បីបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ»និងពិសេសគោរពអនុវត្តតាមអនុសាសន៍ដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

NACD បញ្ជាក់ថា៖ «នេះជាកិច្ចប្រជុំលើកដំបូងរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក ជាអនុប្រធាន និងសមាជិកទាំងអស់ ដើម្បីស្វែងរកបញ្ហាគន្លឹះ ក្នុងការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា»។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នេត សាវឿន បានថ្លែងអំណរគុណនិងសាទរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កន្លងមក ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ និងសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលកិច្ចប្រជុំថ្ងៃនេះ គឺជាបញ្ហាគន្លឹះ ណែនាំ ក្នុងការងារដឹកនាំសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តទៀត។

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយមន្ត្រីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្នងការនគរបាលខេត្តកំពង់ធំ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងរដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី ១៥ ខែកញ្ញា បានរៀបចំសិក្ខាសាលា ស្ដីពីការអប់រំផ្សព្វផ្សាយបង្ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក គ្រឿងញៀនខុសច្បាប់ ជំងឺអេដស៍ មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ធំ។ សិក្ខាសាលានេះ មានការចូលរួមពីនាយកនាយិកា គ្រូទទួលបន្ទុក សុខភាពសិក្សា សិស្សកាកបាទក្រហម សិស្សកាយរឹទ្ធិ ក្រុមប្រឹក្សាកុមារ និងយុវជនចំនួន ២៥០នាក់ មកពីវិទ្យាល័យ ៣ ក្នុងក្រុងស្ទឹងសែន។

លោក លី វ៉េត អភិបាលរងខេត្តកំពង់ធំ បានថ្លែងថាគ្រឿងញៀនជាកត្តាបង្កគ្រោះថ្នាក់ធនធានមនុស្សនិងសង្គមជាតិ ខខណៈលោកសំណូមពរដល់សមត្ថកិច្ចគ្រប់ផ្នែកក្នុងសហគមន៍បន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងទិសស្លោក ៣ កុំ ១រាយការណ៍ ដោយមិនត្រូវផ្សំគំនិតលាក់បាំងអ្នកប្រើប្រាស់និងឈ្មួញគ្រឿងញៀននោះទេ។

នាឱកាសនោះដែរ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ មេរោគអេដស៍ មន្ទីរសាធារណការខេត្ត ដែលបានផ្ដល់កិច្ចសហការយ៉ាងកក់ក្ដៅប្រកបដោយការជឿជាក់ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងដំណើរអភិវឌ្ឍ និងប្រែក្លាយធនធានមនុស្សឱ្យទៅជាមូលធនមនុស្សដែលមានសម្បទាទាំង៥ យ៉ាងរឹងមាំគឺ ចំណេះដឹងសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner