សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ច្រានចោលចំពោះការវាយតម្លៃស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដោយអង្គការអន្តរជាតិមួយចំនួនមានចរិតនយោបាយ

ភ្នំពេញ៖ អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានប្រកាសច្រានចោលចំពោះការវាយតម្លៃស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលអង្គការអន្តរជាតិថា កម្ពុជាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើលំហសេរីភាពពលរដ្ឋ និងនយោបាយរយៈពេលពីរឆ្នាំមុនការបោះឆ្នោត។

អង្គការ សមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានបន្តថា យើងខ្ញុំទាំងអស់គ្នា បានមើលឃើញថា អង្គការសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (HRW) អង្គការលើកលែងទោសអន្តរជាតិ និងអង្គការសិទ្ធិមនុស្សផ្សេងទៀត បានស្នើដាក់លិខិតទៅតំណាងអចិន្ត្រៃយ៍នៃសមាជិក និងអ្នកសង្កេតការណ៍អង្គការសិទ្ធិមនុស្សសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៥៤ នៅប្រទេសស្វីស។

យើងខ្ញុំទាំងអស់គ្នា បានសង្កេតឃើញថា អង្គការអន្តរជាតិ បាននិងកំពុងវាយតម្លៃស្តីពីសិទ្ធិមនុស្សនៅកម្ពុជា មានចរិតនយោបាយស្ដង់ដាពីរសម្រាប់ប្រទេសនៅក្នុងតំបន់។ អង្គការអន្តរជាតិខាងលើបានធ្វើសកម្មភាពសិទ្ធិមនុស្សក្នុងគោលដៅបម្រើឱ្យប្រទេសលោកសេរី គ្មានវិជ្ជាជីវៈឱ្យបានតម្លាភាព សុក្រឹតភាព និងយុត្តិធម៌ ដែលប្រទេសកម្ពុជាបានស្ដារសិទ្ធិមនុស្សឱ្យរួចផុតពីការសម្លាប់រង្គាលពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រទេសកម្ពុជាបច្ចុប្បន្នបានរួបរួមគ្នាកសាងប្រទេស ទទួលបានសុខ សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាប្រវត្តិសាស្ត្រ មិនធ្លាប់មាន។

ដូចនេះក្នុងនាមយើងខ្ញុំទាំងអស់គ្នា ជាប្រធានអង្គការ សមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គម ស៊ីវិល សូមធ្វើការបដិសេធច្រានចោលទាំងស្រុងនូវការវាយតម្លៃស្តីពីសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការអន្តរជាតិទាំងនោះ ដែលធ្វើសកម្មភាពបែបស្តង់ដាពីរដើម្បីបម្រើផលប្រយោជន៍នយោបាយឱ្យប្រទេសខាងលោកសេរី ដើម្បីជាគោលដៅដាក់សម្ពាធមកលើប្រទេសកម្ពុជា គឺជាទង្វើដ៏ឆ្អួតលីលាបំផុត៕

ads banner