ក្រសួងធម្មការ ណែនាំដល់មន្ទីររាជធានី-ខេត្ត រៀបចំសម្តែងធម៌ទេសនា ក្នុងឱកាស ទិវាសន្តិភាពអន្តរជាតិ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាឯកឧត្តម ចាយ បូរិន បានណែនាំឱ្យមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត សហការជាមួយមេគណ និងមេដឹកនាំសាសនា រៀបចំពិធីសម្តែងធម៌ទេសនា តាមវត្តព្រះពុទ្ធសានា ដើម្បីផ្សព្វផ្សាយ នូវមេត្តាធម៌ ចំពោះមនុស្សសត្វទូទៅ ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» លើកទី២១។

សេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី១៥ ខែកញ្ញា បានឱ្យដឹងថា ដើម្បីរៀបចំទិវាសន្តិភាពអន្តរជាតិ លើកទី២១ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យប្រព្រឹត្តទៅ ស្របតាមគោលបំណង សំណូមពរនៃអនុក្រឹត្យ សារាចរណែនាំ តាមសភាពជាក់ស្ដែងនៃទីកន្លែងនីមួយៗ ក្នុងការអនុវត្តវិធានការចាំបាច់នានា ក្រសួងសូមធ្វើការណែនាំគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត ត្រូវរៀបចំពិធីនេះ និងតុបតែងលម្អងផងដែរ។

មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត សហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំសាសនា រៀបចំឱ្យមានកម្មវិធីយល់ដឹងអំពីអត្ថន័យទិវាសន្តិភាព ២១ កញ្ញា តាមរយៈការសូត្រធម៌ សម្តែងធម៌ទេសនា តាមវត្តព្រះពុទ្ធសាសនា និងពាហិរសាសនា ដើម្បីផ្សព្វផ្សាយ នូវមេត្តាធម៌ ចំពោះមនុស្សសត្វទូទៅ និងសុំសេចក្តីសុខសន្តិភាព សម្រាប់មនុស្សជាតិនៅលើពិភពលោក ព្រមទាំងរំឭកគ្រប់វត្ដអារាម ឱ្យតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក នឹងបំភ្លឺភ្លើងពណ៌អបអរសាទរ»។

សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ មានសង្ឃដីការថា ៖«ព្រះអង្គទទួលបានលិខិតណែនាំនេះហើយ ។ ព្រះសង្ឃទាំងពីរគណៈ នឹងរៀបចំទៅតាមការណែនាំនេះ ប៉ុន្តែ គណៈសង្ឃទាំងពីរ មិនទាន់បានកំណត់ពេលវេលា ដើម្បីបើកកិច្ចប្រជុំ និងជ្រើសរើសតាំងដើម្បីរៀបចំនៅឡើយទេ»។

ពាក់ព័ន្ធទិវាសន្តិភាពអន្តរជាតិនេះ អតីតនាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០២១ បានចេញសារលិខិតដែលមានខ្លឹមសារថា៖«តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំមានសេចក្តីសោមនស្សរីករាយសូមចូលរួមជាមួយសហគមន៍អន្តរជាតិអបអរសាទរប្រារព្ធទិវាសន្តិភាពអន្តរជាតិដ៏មហោឡារិកនេះ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាកលអំពីគុណតម្លៃដ៏វិសេសវិសាលនៃសន្តិភាព និងបង្ហាញពីឆន្ទះដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជានៅក្នុងការបន្តកសាង និងថែរក្សាសន្តិភាព ស្ថិរភាពឱ្យបានគង់វង្ស ឋិតស្ថេរយូរអង្វែង»។

គួរជម្រាបថា ទិវាសន្តិភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ២១ ខែកញ្ញា ដើម្បីឧទ្ទិសដល់ការពង្រឹងឧត្តមគតិនៃសន្តិភាព សម្រាប់ប្រជាជន និងបណ្តាប្រទេសទាំងអស់នៅទូទាំងសកលលោក៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner