សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើដល់មន្រ្តីជាន់ខ្ពស់នៃតំបន់ស្វយ័តជនជាតិ ជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពង្រឹង និងពង្រីកបន្ថែម លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្ដល់ការគាំទ្រដល់ផលិតផលកសិកម្មកម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការពង្រីកការ បណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់រវាងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និង ប្រទេស កម្ពុជា។
ការស្នើនេះបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណានីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃជំនួបឯកឧត្តមលេខាធិការបក្ស បានសម្តែងនូវអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងបានអបអរសាទរចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពិតជាមានមោទនភាព និងកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចធិបតី និងគណៈប្រតិភូ ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះ សម្ដេចធិបតី ដែលបានជ្រើសរើសយកប្រទេសចិនជាប្រទេសទី១ សម្រាប់បំពេញទស្សនកិច្ចផ្លូវការក្រោយពីសម្ដេចធិបតី ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ។
ឯកឧត្ដមលេខាធិការបក្ស បានជម្រាបជូនសម្ដេចធិបតី អំពីសក្តានុពល ឧត្ដមភាព និងភាពខ្លាំងនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ព្រមទាំងអំពីកិច្ចសហប្រតិបត្តិការដែល តំបន់ស្វយ័តមាន ជាមួយប្រទេសកម្ពុជា និងកំពុងស្វែងរកលទ្ធភាពបន្ថែមផ្សេងទៀត ។ គិតមកត្រឹម ពេលនេះ, តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រទេសកម្ពុជា នៅក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះបណ្តាល ធនធានមនុស្ស ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវអំណរគុណចំពោះការអបអរសាទរ និងចំពោះការរាយការណ៍និងអំពីកិច្ចសហប្រតិបត្តិការដែលតំបន់ស្វយ័តមានជាមួយប្រទេសកម្ពុជា ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់ និងការវិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ស្វយ័ត ដែលប្រៀបបីដូចជា ចលករសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន ។
ឆ្លៀតក្នុងឱកាសនេះ, សម្ដេចធិបតី ក៏បានជម្រាបជូនឯកឧត្ដមលេខាធិការបក្ស និងគណៈប្រតិភូ អំពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ សម្តេចធិបតី នៅរដ្ឋធានីប៉េកាំង ដែល សម្តេចធិបតី បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង , ឯកឧត្តមប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស ចា ឡឺជី និង ឯកឧត្តមនាយករដ្ឋមន្តី្រ លី ឈាង ។ ដំណើរទស្សនកិច្ចផ្លូវការនេះ បានជួយជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កាន់តែរីកលូតលាស់និងរឹងមាំថែមមួយកម្រិតទៀត ។
ក្នុងទិសដៅបម្រើផលប្រយោជន៍ឱ្យប្រជាជាតិទាំងពីរកាន់តែប្រសើរឡើង សម្ដេចធិបតី បានស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស ពង្រឹង និង ពង្រីកបន្ថែម លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្ដល់ការគាំទ្រដល់ផលិតផលកសិកម្ម កម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការពង្រីកការ បណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់រវាងតំបន់ស្វយ័តជន ជាតិជាំងក្វាងស៊ី និង ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏ស្នើឱ្យឯកឧត្តមលេខាធិការបក្ស ពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្ម វៃឆ្លាត (smart agriculture)។
មុននឹងឆ្លើយតបចំពោះការស្នើរបស់សម្ដេចធិបតី, ឯកឧត្តមលេខាធិការបក្ស បានអរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែតដែលបានជូនពរឱ្យការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ប្រកបដោយជោគជ័យ និងបានជម្រាបជូនសម្តេចធិបតី អំពីការពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពី តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ប្រទេសកម្ពុជា ដោយឯកឧត្តមនឹងចាប់ផ្តើមពិភាក្សាការងារ ជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា ។
ជាកិច្ចបញ្ចប់សម្ដេចធិបតី បានជូនពរជាថ្មីឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទទួលបាន ជោគជ័យត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ។ ឯកឧត្តម លេខាធិការបក្ស ក៏បានអរគុណ និងបានជូនពរឱ្យ សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា បំពេញ ទស្សនកិច្ចនៅប្រទេសចិន ប្រកបដោយជោគជ័យ និងបានជូនពរឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយសុខសុវត្ថិភាព ៕
ដោយ៖ពលជ័យ