ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញចុះសួរសុខទុក្ខ បើកការដ្ឋានកសាងផ្លូវបេតុង ៣ខ្សែ ប្រវែង ៣គីឡូម៉េត្រ ស្ថិតនៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ
(តាកែវ)៖ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបាទីខេត្តតាកែវ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបើកការដ្ឋានកសាងផ្លូវបេតុង ៣ខ្សែ ប្រវែង ៣គីឡូម៉េត្រ ស្ថិតនៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលសំលេងឆ្នោតគាំទ្រច្រើនលើសលប់នៅទូទាំងស្រុកបាទី។
នៅចំពោះមុខប្រជាពលរដ្ឋ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនេះ ឯកឧត្តម ជា វ៉ាន់ដេត សំដែងនូវអំណរគុណ ដឹងគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលនៅតែបន្តគាំទ្រឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ។ ឯកឧត្តម បានគូសបញ្ជាក់ថា ឃុំចំបក់ ទាំងមូលនឹងទទួលបានផ្លូវបេតុងប្រវែង ១៩គីឡូម៉ែត្រ ក្នុងក្នុងចំណោមផ្លូវបេតុងសរុបទាំងអស់ ៨៤ខ្សែ ស្មើនឹង៨៤គីឡូម៉ែត្រ ដែលខ្ញុំនឹងផ្ដល់ជូនសម្រាប់ប្រជាពលរដ្ឋនៅស្រុកបាទី។ ក្នុងរយៈពេល ៥ឆ្នាំទៀត យើងនឹងខិតខំប្រែក្លាយឃុំចំបក់ទៅឃុំមួយដែលមានការអភិវឌ្ឍខ្លាំង ដែលប្រៀបបាននឹងទីក្រុងនៅក្នុងទីជនបទ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋពីមោទនភាព និងកិត្យានុភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និងឆាប់រហ័ស លើឆាកតំបន់និងអន្តរជាតិក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាពិសេស សម្តេចធិបតី បានដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ នេះតទៅនូវគោលនយោបាយអាទិភាព ៦ចំណុចដែលជាក្តីសង្ឃឹមយ៉ាងកក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ បន្តពីរាជរដ្ឋាភិបាលសម្តេចតេជោ៕
អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា






