រាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល រួមគ្នារៀបចំទិវាសម្អាតពិភពលោកលើកទី៦

ភ្នំពេញ៖ ភាគីពាក់ព័ន្ធជាច្រើន រួមមានក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ អង្គការសម្អាតទន្លេសមុទ្រ ក្រុមហ៊ុនខេមប្រ៊ូ អាជ្ញាធរមូលដ្ឋាន កម្មកររបស់ក្រុមហ៊ុនប្រមូលសំរាមទាំង៣ យុវជន សិស្សានុសិស្ស និងស្ថាប័នដៃគូផ្សេងទៀត បានចូលរួមរៀបចំទិវាសម្អាតពិភពលោកលើកទី៦ ក្រោមប្រធានបទ «ទន្លេគ្មានសំរាម» នៅតាមត្រើយម្ខាងនៃមាត់ទន្លេសាប ចាប់ពីសាលាបឋមសិក្សាជ្រោយចង្វាដល់សណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម ហួត ហៃ អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការរៀបចំទិវាសម្អាតពិភពលោកនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយដាស់តឿនដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងការការពារបរិស្ថាន បញ្ជ្រាបការយល់ដឹងជាសាធារណៈជូនប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងសំរាម សំណល់រឹងផងដែ»។ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក៏បានពាំនាំនូវការអំពាវនាវក្នុងការចូលរួមក្នុងយុទ្ធនាការ «ស្អាត វៃឆ្លាត និងបៃតង» របស់ក្រសួងទេសចរណ៍ ផ្សព្វផ្សាយជូនអ្នកចូលរួមទាំងអស់ផងដែរ ដែលជាសកម្មភាពដ៏សំខាន់ក្នុងការចូលរួមក្នុងយុទ្ធនាការទីក្រុងស្អាត ដើម្បីលើកស្ទួយមុខមាត់ប្រទេសកម្ពុជា ទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកាន់តែច្រើន។

នាឱកាសនោះដែរ លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) បានសម្ដែងនូវក្ដីរីករាយ និងសាទរជាខ្លាំង ដែលក្រុមហ៊ុនបានក្លាយជាចំណែកមួយក្នុងចលនានេះ។ លោកបន្តថា សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ក្នុងការចូលរួមការពារបរិស្ថាន និងសង្គម ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន “អភិវឌ្ឍឱ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក”។ លោកបន្ថែមថា ចលនានេះ នឹងកាន់តែសំខាន់ៗទៅ ព្រោះជាការផ្តល់សារស្តែងចេញជាសកម្មភាពបំផុសស្មារតីអំពីការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់ទុកដាក់សំរាម ហើយក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់រាជរដ្ឋាភិបាល ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព»។ លោកជឿជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នានឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា។

សូមបញ្ជាក់ថា នាឱកាសរៀបចំទិវាសម្អាតពិភពលោកលើកទី៦នោះដែរ ក៏មានការដាំដើមឈើនៅសាលាបឋមសិក្សាជ្រោយចង្វាផងដែរ ហើយក្រុមអ្នកចូលរួមក៏បានដើរប្រមូលសំរាមដែលនៅតាមមាត់ទន្លេយ៉ាងសស្រាក់សស្រាំ។ ប៉ុន្តែយ៉ាងណាសំរាមនៅតាមទឹកទន្លេនៅតែមាន ដែលទាមទារឱ្យក្រសួង ស្ថាប័ន អាជ្ញាធរ និងដៃគូនានាត្រូវតែចាត់វិធានការសម្អាត៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner