កម្ពុជា ប្ដេជ្ញាចិត្តខ្ពស់សហការជាមួយរដ្ឋាភិបាលប្រទេសនានាក្នុងតំបន់ និងវិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និង ពិភពលោក

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយរដ្ឋាភិបាលប្រទេសនានាក្នុងតំបន់ និងវិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និង ពិភពលោក ។ នេះបើតាមសុន្ទរកថារបស់សម្តេចធិបតី ថ្លែងក្នុងពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ ២០២៣ ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ» និងខួបលើកទី ១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ នៅទីក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន, នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ។

សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងបរិការណ៍សកលលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ការរៀបចំ ពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ពិតជាមានសារៈសំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង តំបន់ឱ្យកាន់តែស្អិតរមួត ប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកប ដោយចីរភាព ។ ជាងនេះទៅទៀត ការណ៍នេះបានបង្ហាញឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួម បញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្មដោយសេរី និង បើកចំហ គឺជាវិថីតែមួយគត់ ដែលនាំមកនូវ សុខសន្តិភាព និង វិបុលភាពរួម យ៉ាងពិតប្រាកដ ។

សម្ដេចបន្តថា យើងមានកិច្ចសហប្រតិបត្តិការដ៏ប្រសើរជាមួយគ្នា តាមរយៈនិម្មាបនកម្មតំបន់ដែលដឹកនាំ ដោយអាស៊ាន ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, កិច្ចព្រមព្រៀងអាសិប និង កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាច្រើនទៀត ។ នៅក្នុងក្របខណ្ឌ័ទាំងអស់នេះ, ពិព័រណ៍នេះ គឺជាសកម្មភាពជាក់ស្ដែង ដែលបង្កើតបាននូវសហថាមភាព ក្នុងការជំរុញទំហំពាណិជ្ជកម្មអាស៊ាន- ចិន ឱ្យមានសន្ទុះកាន់តែខ្លាំងក្លាផងដែរ។ យើងទាំងអស់គ្នាពិតជាមានមោទនភាព ដែលទំហំ ពាណិជ្ជកម្មអាស៊ាន-ចិន បានកើនឡើងដល់ ៧២២ ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន ។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅពេលដែលជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយរបស់ មនុស្សជាតិត្រូវបានធ្លាក់ចុះ, ប៉ុន្តែយើងបានឃើញដោយផ្ទាល់ថា រំហូរពាណិជ្ជកម្មទំនិញនៅត បន្ដដំណើរការ ។ ក្នុងឆ្នាំ២០២១ និង ២០២២ ពាណិជ្ជកម្មទំនិញបានកើនឡើងខ្ពស់ជាងកម្រិត មុនជំងឺកូវីដ-១៩ ផ្ទុះឡើងទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្ម ក្នុងការធានា សន្តិសុខផ្នែកសង្គម-សេដ្ឋកិច្ចរបស់ប្រជាជនលើពិភពលោក ។

នៅពេលដែលវិបត្តិជំងឺរាតត្បាតបានថមថយទៅ, យើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈម ផ្សេងទៀត ដូចជា ការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ, សន្តិសុខស្បៀង និង ផលប៉ះពាល់ពីការ ប្រែប្រួលអាកាសធាតុ ជាដើម ។ នៅត្រង់ចំណុចនេះ, សម្ដេចចង់គូសរំលេចពីតួនាទីដ៏សំខាន់របស់ពាណិជ្ជកម្ម ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថា ការពឹង ផ្អែកទៅវិញទៅមក និង សកលភាវូបនីយកម្ម គឺជាការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ។ ការធ្វើពាណិជ្ជកម្មមិនគួរត្រូវបានប្រើប្រាស់ជាអាវុធដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ ។

ក្នុងន័យនេះ, អាស៊ាន និង ចិន គឺជាតួអង្គដ៏សំខាន់ ដែលយើងអាចបង្ហាញឧទាហរណ៍ដល់ ពិភពលោកពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិន ទោរទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោភាគីនិយម ឬ គំនិតជាតិនិយមសេដ្ឋកិច្ច នោះទេ ។ ក្នុងទិសដៅខាងមុខ, អាស៊ាន និង ចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និង ការពឹងពាក់គ្ន ទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្តបើកច្រកទីផ្សារ, ការពង្រឹងការតភ្ជាប់, ការពង្រឹងភាព- ធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់, ការពង្រឹងកិច្ច សម្រួលពាណិជ្ជកម្ម និង រួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមក ។ បន្ថែមពីនេះ យើងក៏ត្រូវ ។ ពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាពនៃលក្ខខណ្ឌទីផ្សារ និង តម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផល- ប្រយោជន៍បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុភាគី ។

នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា, សម្ដេចធិបតី សូមគូសបញ្ជាក់ពីការប្ដេជ្ញាបន្តប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច, និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និង ឡូជីស្ទីក ក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាព ឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា ក៏សូមសម្ដែងនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសហការជាមួយរដ្ឋាភិបាលនៃប្រទេសនានាក្នុងតំបន់ និងវិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner