មេដឹកនាំកូរ៉េខាងជើង និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធានិង កិច្ចការអន្តរជាតិ
មូស្គូ៖ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu នៅទីក្រុង Vladivostok ហើយពួកគេបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ និងកិច្ចការអន្តរជាតិ។
លោក Kim Jong Un បានសម្តែងនូវសេចក្តីរីករាយដែលបានជួបជាមួយលោក Sergey Shoigu ម្តងទៀត ហើយបានកោតសរសើរចំពោះការអភិវឌ្ឍន៍ ភាពទំនើប និងវីរភាពរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដែលការពារអធិបតេយ្យភាពរបស់ប្រទេស និងផលប្រយោជន៍នៃការអភិវឌ្ឍន៍របស់ប្រទេស អំឡុងជំនួប កាលពីថ្ងៃសុក្រ សប្តាហ៍នេះ។

លោក Kim Jong Un និង លោក Sergey Shoigu បានផ្លាស់ប្តូរទស្សនៈស្តីពីតំបន់ ព្រមទាំងស្ថានភាពយោធា និងនយោបាយអន្តរជាតិ និងបានផ្លាស់ប្តូរទស្សនៈស្ថាបនាលើបញ្ហាដែលទាក់ទងនឹងការបន្តពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ក៏ដូចជា ក្នុងវិស័យការពារជាតិ និងសន្តិសុខ។
ខណៈពេលដែលនៅក្នុងទីក្រុង Vladivostok លោក Kim ក៏បានត្រួតពិនិត្យនាវាចម្បាំង Marshal Shaposhnikov និងគ្រឿងសព្វាវុធរបស់វា ដូចជាប្រព័ន្ធមីស៊ីលប្រឆាំងនាវា Uran និងប្រព័ន្ធកាំជ្រួច Cruise Multi-purpose Kalibr ក៏ដូចជាប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិ A-190 100mm ផងដែរ។
គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន។ លោក Kim ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី កាលពីខែមេសា ឆ្នាំ ២០១៩៕ ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត