កម្ពុជានាំបង្កងកណ្តូបលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន

(ភ្នំពេញ)៖ កម្ពុជាបាននាំបង្កងកណ្តូបជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន ហើយរំពឹងថាការនាំចេញនេះនឹងមានច្រើនបន្ថែមទៀតនៅថ្ងៃខាងមុខ។ការនាំចេញនេះដែរត្រូវបានគេរំពឹងថាជាផ្នែកមួយសំខាន់លើចំណីម្ហូបអាហារសមុទ្ររបស់កម្ពុជាដែលគេទទួលស្គាល់ថាមានរស់ជាតិឆ្ងាញ់ពិសារ ជាតម្រូវការទីផ្សារមួយខ្ពស់ផងដែរ។

គួរបញ្ជាក់ថាបញ្ចេញឱ្យដឹងនេះធ្វើឡើងពីសំណាក់មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ ក្នុងដំណើរទស្សនកិច្ច និង ផ្សព្វផ្សាយអំពីសហគ្រាសជលផលពីគម្រោងCAPFish នាទីស្តីការក្រសួងកសិកម្ម រាជធានីភ្នំពេញនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣។

ទាក់ទិនក្នុងរឿងនេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និង នេសាទបានលើកឡើងថា៖ការនាំចេញបង្កងកណ្តូបនេះគឺជាលើកទីមួយហើយទៅកាន់ទីផ្សារប្រទេសចិន។ការនាំចេញលើកដំបូងនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣មានចំនួន៤៥គីឡូក្រាម។

លោកជំទាវ អនុរដ្ឋលេខាធិការបានថ្លែងដែរថា៖ក្រសួងកសិកម្មកំពុងធ្វើការថ្លឹងថ្លែងមើលថាបង្កងកណ្តូប ដែលមានក្នុងធម្មជាតិមានចំនូនតិចតួចនៅឡើយ ហេតុនេះថាតើយើងត្រូវនាំចេញកម្រិតដូចម្តេចឱ្យរក្សាបាននូវតុល្យភាពសត្វទាំងនេះនៅក្នុងធម្មជាតិ។ហេតុនេះលើកដំបូងដែលយើងនាំចេញទៅកាន់ប្រទេសចិនមានតែចំនួន៤៥គីឡូក្រាមប៉ុណ្ណោះ។សម្រាប់ការវេចខ្ចប់ទៀតសោត ដោយសារវាជាសត្វរស់ទើបគេត្រូវលម្អិតលម្អន់ ដោយក្នុងនេះមួយថង់ៗគេដាក់តែចំនួន៥ក្បាលទេ ហើយក្នុងនេះគេដាក់អុកស៊ីសែន តែយ៉ាងណាក្តីនៅពេលនាំទៅកាន់ទីផ្សារចិនយើងបានទទួលជោគជ័យដោយបង្កងកណ្តុបទាំងនេះរស់ទាំងអស់ ដែលជាតម្រូវការមួយគេត្រូវការងដោយសារបង្កងនេះគេចង់បានរស់សម្រាប់ទុកធ្វើម្ហូបអាហារពីព្រោះថាបើកាលណាងាប់វានឹងអស់សាច់តែម្តង។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយករដ្ឋបាលជលផលបានឱ្យដឹងថា៖បង្កងកណ្តូបកំពុងមានទីផ្សារល្អលើទីផ្សារចិនដែលមានន័យថាយើងមានប៉ុន្មានក៏គេទទួលយកដែរ។ការនាំចេញបង្កងប៉ាក និងធនធានសមុទ្រកម្ពុជាច្រើនទៀតនាកន្លងមកនេះដែរសុទ្ធតែមានរស់ជាតិឆ្ងាញ់ពិសារដែលទីផ្សារប្រទេសចិនគេត្រូវការ។

ឯកឧត្តមបានលើកឡើងថា៖”កាលពីដំបូងឡើយបង្កងកណ្តូបអ្នកនេសាទកម្ពុជាមិនត្រូវការវាទេដោយសារគ្មានទីផ្សារ ប៉ុន្តែបន្ទាប់ពីកម្ពុជាបានទទួលកិច្ចសហប្រតិបត្តិការលើទីផ្សារ និងជនជាតិចិនចូលមកកាន់កម្ពុជាកាន់តែច្រើនមកឃើញថាទីផ្សារបង្កងកណ្តូបកំពុងមានតម្រូវការខ្ពស់ ហើយពេលនេះយើងអាចនាំចេញទៅលក់ប្រទេសនេះបានទៀតផង”។

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១១ប្រភេទ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ ផលិផលចំនួន ១១ប្រភេទនេះរួមមាន៖ កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស និងបង្គាប៉ារ៉ា៕

អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner