នាយករដ្ឋមន្ត្រីកម្ពុជាផ្ញើសារលិខិតជូនជនរួមជាតិស្ដីពីការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតជូនជនរួមជាតិ ស្ដីពីការដាក់ បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃអាទិត្យ ទី១៧ កញ្ញា ២០២៣។

សម្ដេចធិបតី បានលើកឡើងថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និង ប្រជាជន កម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេច ជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋាន ប្រាសាទ​កោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្តី សម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅឯ​ទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើង ដែលកេរមរតកវប្បធម៌អតីតរាជ​ធានីខ្មែរ​បុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះករ កសាង ក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទ​ជ័យវរ្ម័ន​ទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏​មហស្ចារ្យ​នៃស្ថាបត្យកម្ម ខ្មែរ និងមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ដូចករណីមុនៗដែរ ការស្នើសុំចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក គឺជាលទ្ធផលនៃកិច្ចដំណើរការងារ​ដ៏យូរ និងលំបាកស្មុគស្មាញ ដោយមានការចូលរួមពីភាគីពាក់- ព័ន្ធជាច្រើន ជាពិសេសការរៀបចំឯកសារ ការត្រួតពិនិត្យ និងវាយតម្លៃដោយ​អ្នកជំនាញការជាតិ និងអន្តរជាតិ បានប្រព្រឹត្តទៅក្នុងដំណាក់កាលដែលកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។ ដំណើរការដ៏ស្វិតស្វាញនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ បញ្ជាក់ពីតម្លៃដ៏​មហា​សាល​នៃ​សម្បត្តិវប្បធម៌របស់កម្ពុជា ជាពិសេសសម្រេចឱ្យបាននូវការចុះបញ្ជី «រមណីយ ដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិក​ភណ្ឌពិភពលោកសម្រាប់ជាសម្បត្តិមនុស្សជាតិទាំងមូល និង ការពង្រឹងមោទកភាពជាតិ។

ការកសាងនូវឯកសារស្នើសុំចុះបញ្ជីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយឆ្លងកាត់ការរៀបចំ ត្រួតពិនិត្យ និងវាយតម្លៃជាបន្តបន្ទាប់ ដោយមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ និងមន្ត្រីជំនាញក្រោមឱវាទ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងការពិគ្រោះយោបល់ជា​មួយ​អ្នកជំនាញការអន្តរជាតិរហូតឆ្នាំ២០២០ ទើបឯកសារនេះបានលេចចេញជារូបរាងឡើង ស្របទៅតាមអនុសញ្ញាស្តីពីការការពារ​បេតិកភណ្ឌ​ពិភព​លោក វប្បធម៌ និងធម្មជាតិ មុននឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិ​ទី៦ កន្លងទៅ បានសម្រេចលើកសំណើជាផ្លូវការទៅមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ កាលពីខែមករា ឆ្នាំ២០២១។ ផ្អែកលើសំណើរបស់រាជរដ្ឋាភិបាល មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានបញ្ជូនអ្នកជំនាញការអន្តរជាតិនៃក្រុម​ប្រឹក្សា អន្តរជាតិស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) មកធ្វើការវាយតម្លៃដោយផ្ទាល់នៅរមណីយដ្ឋាន ប្រាសាទកោះកេរ កាលពីខែកញ្ញា ឆ្នាំ២០២១ ហើយរហូតដល់ខែមីនា ឆ្នាំ២០២២ ទើបសម្រេចទទួលយក នូវសំណើសុំចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះ​កេរ» ទៅដាក់ក្នុងរបៀបវារៈសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅទីក្រុងរីយ៉ាដ(Riyadh)នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយក៏ត្រូវបានគណៈ​កម្មាធិការបេតិកភណ្ឌ ពិភពលោកសម្រេចចុះ ។ រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែល កើតចេញមកពីកិច្ចខិតខំប្រឹងប្រែង​ប្រកបដោយវិរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយ​ឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការស្វះស្វែងនាំមកជូនប្រជាជនកម្ពុជានូវការបង្រួបបង្រួមជាតិ និងភាព​សុខដុមរមនា ដែលជាមូលដ្ឋាននៃការកសាង និងអភិវឌ្ឍជាតិក្នុងគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍសម្បត្តិវប្បធម៌ និង ប្រពៃណីជាកេរ្តិ៍​មរតកដ៏ឧត្ដុង្គឧត្តម ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកជូនអ្នកជំនាន់ក្រោយថែមទៀតផង។

នៅក្នុងឱកាសដ៏មហាប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតសម្តែងនូវអំណរព្រះគុណដ៏ ជ្រាលជ្រៅវិសេសបំផុតថ្វាយ ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គទាំងទ្វេទ្រង់ តែងតែប្រោសប្រទាន​នូវការគាំទ្រ​យ៉ាងពេញទំហឹងជានិច្ច ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជា។

ខ្ញុំក៏សូមយកឱកាសនេះ ធ្វើការកោតសរសើរដោយស្មោះ និងមូលវិចារណ៍ដ៏ថ្លៃថ្លាជូនចំពោះ លោកជំទាវ បណ្ឌិតសភាចារ្យ គឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក-សមាជិកានៃគណៈប្រតិភូ កម្ពុជាគ្រប់រូប រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធគ្រប់​ជំនាញ​ទាំងអស់ ដែលបានខិតខំព្យាយាមលះបង់កម្លាំងកាយ ប្រាជ្ញា និងស្មារតី ប្រកបដោយភាពប៉ិនប្រសប់និងវិជ្ជាជីវៈខ្ពស់ ពុះពារជំនះគ្រប់ការ​លំបាករហូតសម្រេចបាន នូវការចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ហើយឆ្លៀតនៅ ក្នុងឱកាស​នេះ ខ្ញុំព្រះករុណាខ្ញុំក៏សូមធ្វើការអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមមានអាជ្ញាធរដែន ដីខេត្តព្រះវិហារ និងស្ថាប័ននានា ត្រូវ​ពង្រឹង​ឱ្យបានដាច់ខាតនូវការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍតំបន់ រមណីយដ្ឋានប្រាសាទកោះកេរ ស្របតាមគោលការណ៍​របស់​គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយ ទប់ស្កាត់រាល់ការទន្ទ្រានយកដីខុសច្បាប់ ការសាងសង់សំណង់ខុសច្បាប់ ការកាប់បំផ្លាញ​ព្រៃឈើ ការបរបាញ់ សត្វព្រៃ ការរុករក និងជីកកកាយដោយខុសច្បាប់ ដើម្បីលើកតម្លៃ និងថែរក្សារមណីយដ្ឋានប្រាសាទ​កោះកេរ របស់យើង សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន។

ខ្ញុំសូមថ្លែងអំណរគុណជាពិសេសផងដែរ ចំពោះបណ្តាប្រទេសជាមិត្ត និងអង្គការយូណេស្កូ ព្រមទាំង ឥស្សរជនទាំងឡាយ ដែលបាន​ទទួលស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកលនៃ «រមណីយដា្ឋនបសាទ កោះកេរ” ហើយបានគាំទ្រសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះតំបន់​ប្រាសាទនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ដើម្បីជាផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តមរបស់មនុស្សជាតិទាំងមូល។

ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងទឹកចិត្តដ៏រំភើបរីករាយឥតឧបមា សូមចែករំលែកនូវសមិទ្ធផលដ៏ធំធេង និងមោទកភាពជាតិដ៏ខ្ពង់ខ្ពស់នេះ ជាមួយនឹងព្រះតេជគុណព្រះសង្ឃ គ្រប់ព្រះអង្គ ជនរួមជាតិកម្ពុជាគ្រប់រូបទាំងក្នុង និងក្រៅប្រទេស ព្រមទាំងសូមសម្តែងនូវអំណរគុណដ៏ជ្រាល ជ្រៅ និងស្មោះស្ម័គ្របំផុត ចំពោះប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់យុត្តិធម៌ និងការគាំទ ប្រកបដោយទឹកចិត្តស្នេហាជាតិដ៏បរិសុទ្ធជូនដល់ខ្ញុំព្រះករុណាខ្ញុំឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិ ទី៧ នៃរដ្ឋសភា បន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុជាតិ មាតុភូមិ សុខសន្តិភាព និងការអភិវឌ្ឍ សម្រាប់ប្រជាជាតិ​កម្ពុជា​ទាំងមូល។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមធ្វើការណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជ រដ្ឋាភិបាលនៅថ្នាក់ជាតិ និងគ្រប់​ស្ថាប័ននៅថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត គ្រប់មន្ទីរជំនាញ រាជធានី-ខេត្ត គ្រប់ក្រុង-ស្រុក-ខ័ណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំង​សូមអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម រួមគ្នាធ្វើការវាយគង ទូងស្គរ ទះ ប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង ០៧:០០ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ នៅគ្រប់ទី​កន្លែងសាធារណៈសំខាន់ៗ រួមមានទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជ- ធានីខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ ទីប្រជុំសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹក​ចិត្តមោទនៈ និងសប្បាយរីករាយចំពោះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ ខ្ញុំសូមអំពាវនាវផងដែរ ដល់គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ និងបណ្ដាញ​ព័ត៌មាន ទាំងអស់ មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ជាមោទកភាពជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានទូលំ ទូលាយ និងអធិកអធមជាទីបំផុត៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner