មនុស្សរាប់រយនាក់ តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលម៉ាឡេស៊ី បន្ទាប់ពីរាជអាជ្ញាទម្លាក់ចោលបទចោទប្រកាន់ពុករលួយប្រឆាំងនឹងឧបនាយករដ្ឋមន្ត្រី

គូឡាឡាំពួ៖ ប្រជាជនម៉ាឡេស៊ីរាប់រយនាក់បានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍នៅក្នុងរដ្ឋធានីគូឡាឡាំពួ ដោយចោទប្រកាន់លោកនាយករដ្ឋមន្ត្រី អាន់វ៉រ អ៊ីប្រាហ៊ីម ថាជួយសម្ព័ន្ធមិត្តដ៏សំខាន់របស់លោកឱ្យរួចផុតពីការកាត់ទោស ដើម្បីជាថ្នូរនឹងការគាំទ្រផ្នែកនយោបាយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។

បាតុកម្មតវ៉ានេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញាម៉ាឡេស៊ី បានទម្លាក់ចោលការចោទប្រកាន់ពីបទពុករលួយចំនួន ៤៧ សំណុំរឿង ប្រឆាំងនឹងលោកឧបនាយករដ្ឋមន្ត្រី Ahmad Zahid Hamidi កាលពីថ្ងៃទី៤ ខែកញ្ញា។ តុលាការបានអនុម័តសំណើទម្លាក់ចោលនេះ ប៉ុន្តែបានផ្ដល់ការប្រកាសពីភាពស្អាតស្អំពេញលេញឱ្យលោក Zahid នោះទេ ដែលមានន័យថា លោកនៅតែអាចរងការចោទប្រកាន់ឡើងវិញ។

ក្រុមសកម្មជនដែលថ្លែងទៅកាន់ហ្វូងមនុស្សកាលពីថ្ងៃសៅរ៍នៅទីក្រុងគូឡាឡាំពួរ បានចោទប្រកាន់រដ្ឋាភិបាលរបស់លោក អាន់វ៉រ ថាបានជ្រៀតជ្រែកក្នុងសំណុំរឿងនេះ ដើម្បីអនុញ្ញាតឱ្យលោក Zahid ចេញពីការជាប់ពាក់ព័ន្ធពុករលួយ ដើម្បីជាថ្នូរនឹងការគាំទ្រផ្នែកនយោបាយ។ អ្នកតវ៉ាខ្លះ បានពាក់អាវពណ៌សដែលមានពាក្យថា «ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ»។

ក្រុមបាតុករបានដើរក្បួននៅកណ្តាលទីក្រុង ដោយស្រែកថា «ដាក់ទោសលោក Zahid» «កំណែទម្រង់លែងដំណើរការហើយ» និង «លោកអាន់វ៉រ ចុះចេញ» ជាដើម។

ប៉ូលិសបានប្រកាសថា ការជួបជុំនេះធ្វើឡើងដោយខុសច្បាប់ ព្រោះគ្មានការអនុញ្ញាតឲ្យធ្វើ ប៉ុន្តែពួកគេមិនបានបញ្ឈប់ការតវ៉ានោះទេ មុនពេលវាបានបញ្ចប់ទៅដោយសន្តិវិធី បន្ទាប់ពីអស់រយៈពេលជាច្រើនម៉ោង។

គួរឱ្យដឹងថា ព្រះរាជអាជ្ញាម៉ាឡេស៊ីបាននិយាយថា សំណុំរឿងរបស់លោក Zahid ត្រូវបានទម្លាក់ចោទជាបណ្តោះអាសន្នសិន ដោយសារតែត្រូវការការស៊ើបអង្កេតបន្ថែម។

លោក Anwar បាននិយាយថា ការទម្លាក់ចោលបទចោទប្រកាន់ គឺជាការសម្រេចចិត្តរបស់អតីតអគ្គមេធាវីលោក Idrus Harun មុនពេលលោកចូលនិវត្តន៍ ហើយបានបដិសេធមិនជ្រៀតជ្រែកក្នុងករណីនេះ។ ការចោទប្រកាន់ដែលត្រូវបានទម្លាក់ចោលទាំងនោះ បាននាំឱ្យមានការអំពាវនាវជាថ្មីសម្រាប់កំណែទម្រង់ដែលនឹងបំបែកតួនាទីរបស់អគ្គមេធាវីក្នុងនាមជាទីប្រឹក្សាច្បាប់របស់រដ្ឋាភិបាល និងរាជអាជ្ញាសាធារណៈ។

គួរបញ្ជាក់ថា លោក Zahid ដឹកនាំគណបក្សអង្គការរួបរួមជាតិម៉ាឡេ (United Malays National Organization) ហើយការគាំទ្ររបស់លោក មានសារៈសំខាន់ណាស់ក្នុងការជួយលោក អានវ៉រ ឱ្យបង្កើតរដ្ឋាភិបាលរួបរួមមួយ បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែវិច្ឆិកាឆ្នាំមុន ហើយសភាត្រូវព្យួរ។ ការទម្លាក់ចោលនៃបទចោទប្រកាន់ បានបង្កឱ្យមានការរិះគន់ថ្មី ជាពិសេសចំពោះជំហរប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលលោក អាន់វ៉រ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner