ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី ថៃនៅតែរក្សាតុល្យភាពទំនាក់ទំនងជាមួយចិន និងអាមេរិក

ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ស្រេត ថា (Srettha Thavisin) នឹងធ្វើទស្សនៈកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែតុលាខាងមុខ។ ក្នុងដំណើរទស្សនកិច្ចនោះ ភាគីថៃនឹងលើកយកបញ្ហាសំខាន់ៗ ចំនួន១០ទៅពិភាក្សាជាមួយចិន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសពង្រឹងវិស័យ ទេសចរណ៍តែម្ដង។

ក្នុងនោះដែរ នាយករដ្ឋមន្ត្រីថៃក៏នឹងសួរអំពីលទ្ធភាពនៃការបន្តអនុស្សរណៈយោគយល់គ្នាលើការ ផ្ដល់ប្រាក់កម្ចីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសថៃខណៈដែលអនុស្សរណៈយោគយល់នេះនឹងផុតកំណត់នៅប៉ុន្មានខែខាងមុខ។

ប៉ុន្តែយ៉ាងណា នេះគឺជាចេតនារបស់រដ្ឋាភិបាលថៃក្នុងការរក្សាតុល្យភាពរវាងទំនាក់ទំនងចិន និងអាមេរិក ដោយហេតុថានាយករដ្ឋមន្ត្រីថៃក៏នឹងត្រូវធ្វើទស្សនៈកិច្ចនៅសហរដ្ឋអាមេរិកនាពេល ខាងមុខផងដែរ។

ទាក់ទងនឹងចំណុចនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បាននិយាយថា៖ «ជាការពិតប្រកែកមិនបាន ដែលថៃត្រូវតែធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសចិន និងសហរដ្ឋអាមេរិកមានភាពស្មើគ្នាក្នុងន័យដៃគូធ្វើពាណិជ្ជកម្ម»។

អ្នកនាំពាក្យដដែលនេះបានឱ្យដឹងទៀតថា នៅពេលចូលរួមសម័យប្រជុំលើក ទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្ត្តិទៅនាទីក្រុងញូវយ៉ក នាយករដ្ឋមន្ត្រីថៃនឹងជួបជាមួយ លោកប្រធានាធិបតី ចូ បៃឌិន ដែលផ្ដល់ឱកាសឱ្យលោក ស្រេត ថា អាចចរចាភាពជាដៃគូ ពាណិជ្ជកម្ម ថៃ-អាមេរិកបាន។ ហើយដែលជំនួបនេះ នឹងផ្ដល់ប្រយោជន៍មហាសាលដល់សេដ្ឋកិច្ច ថៃ តាមរយៈការចូលទៅបណ្ដាក់ទុនរបស់វិនិយោគិនអាមេរិក។

សម្រាប់ភាគីចិនឯណោះវិញគណៈរដ្ឋមន្ត្រីថៃកាលពីសប្ដាហ៍មុនបានអនុម័តគម្រោងគ្មានទិដ្ឋាការ សម្រាប់អ្នកដំណើរជនជាតិចិន និងកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា រហូតដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំក្រោយ។

រីឯការទាក់ទាញភ្ញៀវទេសចរចិនវិញ នាយករដ្ឋមន្ត្រីថៃក៏បានសង្កត់ធ្ងន់ទៅលើអាជ្ញាធរនៅ ឈៀងម៉ៃ ក្នុងការពង្រឹងសុវត្ថិភាពសម្រាប់ភ្ញៀវអន្តរជាតិដើម្បីការទៅទស្សនាខេត្តភាគខាងជើងមួយនេះ។

លោកបានបន្តថា៖ «វិធានការបន្ថែមក៏ត្រូវបានចាំបាច់ដើម្បីរារាំងសកម្មភាពខុសច្បាប់ដែលអាចបង្ហាញពីស្មារតីល្អនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍របស់ប្រទេសថៃ»។

យ៉ាងណាមិញ ជាការឆ្លើយតបទៅនឹងការអំពាវនាវឱ្យមានការកាត់បន្ថយតម្លៃថាមពលកាន់តែច្រើន លោក ស្រេត ថា បានសន្យាថាតម្លៃប្រេងឥន្ធនៈក៏នឹងត្រូវកាត់បន្ថយផងដែរ នៅពេលដែលការសិក្សា ត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃថ្មីនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីផ្លូវការលើកដំបូងរបស់ខ្លួនដែលបានធ្វើឡើងកាលពីថ្ងៃពុធ បានអនុម័តវិធានការដែលមានគោលបំណងកាត់បន្ថយទាំងតម្លៃប្រេងម៉ាស៊ូត និងអគ្គិសនីជូនប្រជាជន៕ ប្រែសម្រួល៖ កែវ បុស្បា

ads banner