មនុស្ស ១៤នាក់ បានស្លាប់ ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះនៅតំបន់អាម៉ាហ្សូន ប្រទេសប្រេស៊ីល
ប្រាស៊ីលីយ៉ា៖ ក្រុមមន្ត្រីប្រទេសប្រេស៊ីលបាននិយាយថា មនុស្ស ១៤នាក់បានស្លាប់ ក្នុងពេលដែលយន្តហោះមួយគ្រឿងបានធ្លាក់នៅតំបន់ Amazon ខណៈពេលដែលព្យាយាមចុះចតក្នុងពេលអាកាសធាតុ មានព្យុះនៅទីក្រុងទេសចរណ៍ Barcelos ដោយមិនបន្សល់ទុកអ្នកនៅរស់រានមានជីវិតឡើយ។
ហេតុការណ៍ធ្លាក់យន្តហោះបានកើតឡើង កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍។ លេខាធិការសន្តិសុខរដ្ឋ Amazonas លោក Vinicius Almeida បានប្រាប់សន្និសីទសារព័ត៌មានមួយថា អ្នកបើកយន្តហោះធុនតូចហាក់ដូចជាចាប់ផ្តើមចុះចតដោយអចេតនា ពាក់កណ្ដាលផ្លូវរត់ ចំពេលភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងភាពមើលឃើញទាប នៅក្បែរទីក្រុងដាច់ស្រយាល។
លោក Vinicius Almeida បាននិយាយថា អ្នកដំណើរទាំង១២នាក់ និងបុគ្គលិកលើយន្តហោះ ២នាក់បានស្លាប់បាត់បង់ជីវតទាំងអស់។
រដ្ឋាភិបាលរដ្ឋ Amazonas បានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតដំបូងបានបង្ហាញថា អ្នកដំណើរទាំងអស់គឺជាបុរសជនជាតិប្រេស៊ីល ដែលធ្វើដំណើរទៅកាន់តំបន់សម្រាប់ការនេសាទ បែបកីឡា។
អភិបាលរដ្ឋ Amazonas លោក Wilson Lima បានសរសេរនៅលើបណ្តាញសង្គម X ដែលពីមុនគេស្គាល់ថាជា Twitter ថា «ក្រុមរបស់យើងបាននៅលើដីឆ្លើយតប ចាប់តាំងពីពេលនៃការធ្លាក់យន្តហោះដើម្បីផ្តល់ការគាំទ្រចាំបាច់..សាមគ្គីភាព និងការអធិស្ឋានរបស់ខ្ញុំទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិជនរងគ្រោះ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


