កម្ពុជា-តួកគី បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ប្រទេសទាំងពីរ
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសតួកគី ក៏ដូចជាមួយប្រទេសជាមិត្តដទៃទៀត ដើម្បីសម្រេចបាននូវផែនការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ អ៊ុលគូ កូចាអេហ្វេ ដែលទទួលបាននូវសេចក្តីទុកចិត្តពីរដ្ឋាភិបាលតួកគី តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ រដ្ឋសភាកម្ពុជាពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ហើយមានសុទិដ្ឋិនិយមថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ កម្ពុជា-តួកគី នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ព្រមទាំងលើកកម្ពស់បន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេស និងផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជានាពេលនេះ មានសារៈសំខាន់ណាស់ ពីព្រោះចំពេលដែលប្រទេសកម្ពុជា បានធ្វើការផ្លាស់ប្តូរអ្នកដឹកនាំបន្តវេន ប្រកបដោយសន្តិភាព និងដោយរលូន គ្មានអំពើហិង្សា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងរយៈ៥០០ឆ្នាំរបស់ខ្លួន។ ការផ្លាស់ប្តូរអ្នកដឹកនាំពីឥស្សរជនចាស់ មកឥស្សរជនវ័យក្មេង ប្រកបដោយគុណភាព សមត្ថភាព និងសីលធម៌ បានធ្វើឡើងក្រោយពីការបោះឆ្នោត ថ្ងៃទី២៣ កក្កដា កន្លងមកនេះ ដែលការបោះឆ្នោតនេះមានគណបក្សនយោបាយចូលរួមចំនួន១៨ និងមានប្រជាជនទៅបោះឆ្នោតចំនួន៨៤,៥៩%។
លោកជំទាវ អ៊ុលគូ កូចាអេហ្វេ ក៏បានជម្រាបជូនសម្តេចរដ្ឋសភាធិបតី ពីការរីកចម្រើនដ៏ឆាប់រហ័សនៃកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនៅក្នុងរយៈពេលចុងក្រោយនេះ ពោលគឺទំហំពាណិជ្ជកម្មកម្ពុជា តួកគី បានកើនឡើងគួរឱ្យកត់សម្គាល់។ ចំណែកទំនាក់ទំនងរវាងប្រជាជននិងប្រជាជនវិញ គឺតួកគីបានបើកសាលាបណ្តុះបណ្តាលភាសាតួកគីនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ មានយុវជនកម្ពុជាប្រមាណ៦០នាក់ បានកំពុងសិក្សាភាសាតួកគី។
ប្រទេសកម្ពុជានិងតួកគីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥៩ នៅក្នុងរយៈពេលចុងក្រោយនេះទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ បានពង្រឹងពង្រីកនិងលើកកម្ពស់ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់តួកគី។ តួកគី ជាប្រទេសមានសក្តានុពល ដោយសារជាស្ពានភ្ជាប់ទំនាក់ទំនងអាស៊ីទៅអឺរ៉ុប ៕
ដោយ ៖ ហេង សម្បត្តិ