ជនសង្ស័យ ០៥នាក់ ជាមុខសញ្ញាយ៉ាងសកម្ម ពាក់ព័ន្ធ ករណី ធាក់និង កាប់ ប្លន់យកម៉ូតូប្រជាពលរដ្ឋ ត្រូវនគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួន
ភ្នំពេញ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (ធាក់និង កាប់ ប្លន់យកម៉ូតូ) កាលពីវេលាម៉ោង០៤ និង៣០នាទីទាបភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចស្ថានីយ៍ប្រេង សាំងតូតាល់ ស្តុបឬស្សីសាញ់ ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចជំនាញបានបញ្ចាក់ថា ជនសង្ស័យចំនួន ០៥នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី១/ឈ្មោះ ញ៉ែម ពន្លក ហៅ រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបាគូ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២/ឈ្មោះ ហេន រ៉ាឌី ហៅ ឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ បឹង សាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី៣/ឈ្មោះ ហនទិត្យ ច័ន្ទដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិមានជ័យ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី៤/ឈ្មោះ លី ធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹង មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (អ្នកយកម៉ូតូទៅលក់០៣គ្រឿង) ។ និងទី៥/ឈ្មោះ ប៉ែន សុខគា ហៅ ហួ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្នោត ជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងចាប់យក៖ ១/កាំបិតប៉័ងតោដងឈើប្រវែង៣០សង់ទីម៉ែត្រចំនួន០១, ២/ខ្សែក្រវ៉ាត់ក្បាលដែកប្រវែង៩០ សង់ ទីម៉ែត្រចំនួន០១, ៣/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខ្មៅចំនួន០១គ្រឿង, ៤/ទូរស័ព្ទដៃម៉ាកXiaomiពណ៌ខ្មៅចំនួន០១, ៥/កាបូប ស្ពាយក្រឡាការ៉ូពណ៌ក្រម៉ៅចំនួន០១, ៦/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយសពាក់ផ្លាកលេខបាត់ដំបង1AI-8003 ចំនួន០១គ្រឿង (របស់ជនសង្ស័យឈ្មោះ ហេង រ៉ាឌី ហៅ ឌី) ៧/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ទឹក មាស ពាក់ផ្លាកលេខកណ្តាល1AC-3443 ចំនួ០១គ្រឿង (របស់ជនសង្ស័យ ឈ្មោះ ញ៉ែម ពន្លក ហៅ រតនា)។
គួរបញ្ជាក់ថា មុននិងចាប់ឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ខាងលេីនេះ គឺដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យកម្លាំងអន្តរាគមន៍ពិសេស បន្តអនុវត្តតួនាទី ភារកិច្ចល្បាតតាមគោលដៅ ដេីម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ។
គាប់ជួនកាលពីវេលាម៉ោង០៤ និង៣០នាទីទាបភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានល្បាតពួនស្ទាក់ជាប្រចាំក៏ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ និងវត្ថុតាងសម្រាប់ប្រព្រឹត្តិបទល្មេីស បញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី