លទ្ធផលកិច្ចពិភាក្សាប្រាក់ឈ្នួលកម្មករកាត់ដេរ និយោជកដាក់តួលេខ ២០១,៥ដុល្លារ ឯតំណាងកម្មករដាក់តួលេខ២ ផ្សេងគ្នា គឺ ២០៤ និង ២១៣ដុល្លារ
ភ្នំពេញ៖ ទីបំផុតកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតនៅថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២៣ដោយលទ្ធផល តំណាងភាគីកម្មករ និយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួន ចំនួនពីរផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេង គាំទ្រ ១២លើ ១៧នាក់ និង ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ ៥លើ ១៧នាក់, តំណាងភាគីនិយោជក បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១,៥ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរ លើលក្ខណបច្ចេកទេស បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាមេរិក ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់ក្រសួងការងារបានឱ្យដឹងនៅថ្ងៃនេះថា៖ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១៣:០០នាទីរសៀល ដើម្បីបន្តពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប សម្រាប់ឆ្នាំ២០២៤។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា៖គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៩លើក ដែលរួមមាន កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន ៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន ២លើក និងកិច្ចប្រជុំត្រីភាគីចំនួន ៩លើក។ ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន ៣លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំ ផ្ទៃក្នុងតំណាងភាគីកម្មករនិយោជិត ចំនួន ១លើក និងកិច្ចប្រជុំត្រីភាគីចំនួន ២លើក។
ភាគីទាំងពីរបានបន្ត ពិភាក្សា និងពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ ហើយ តំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងពន្យលីបន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និង សេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។
តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នឹងគោរពស្នើសុំនូវសំណូមពរផ្សេងៗ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ នេះ ដើម្បីជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវបរិយាកាសវិនិយោគ និងបរិយាកាសធុរកិច្ចកាន់ត ប្រសើរ ព្រមទាំងកាត់បន្ថយការចំណាយរបស់បងប្អូនកម្មករនិយោជិត ក៏ដូចជា ការពារនូវសិទ្ធិ កិត្តិយស និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ៕
ដោយ ៖ ម៉ា ដេប៉ូ