ទីប្រឹក្សារបស់លោក បៃដិន ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន ក្នុងបំណងបន្ធូរបន្ថយភាពតានតឹង នៃទំនាក់ទំនងអាមេរិក-ចិន

អាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅប្រទេសម៉ាល់តាកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈអាមេរិក និងចិន ស្វែងរកស្ថិរភាពទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានបញ្ហាជុំវិញពាណិជ្ជកម្ម និងការធ្វើយោធាកម្មនៅតំបន់ប៉ាស៊ីហ្វិក។

ក្នុងអំឡុងពេលពីរថ្ងៃនៃកិច្ចពិភាក្សាកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ លោក វ៉ាង បានលើកយកបញ្ហាតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនថាជាបន្ទាត់ក្រហមដែលមិនអាចរំលោភបានក្នុងទំនាក់ទំនងចិន-អាមេរិក។ សហរដ្ឋអាមេរិក បានប្តេជ្ញាការពារតៃវ៉ាន់ប្រឆាំងនឹងការឈ្លានពានរបស់ចិន។

ចំណែកសេតវិមានវិញ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖ «សហរដ្ឋអាមេរិកបានកត់សម្គាល់ពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់» ហើយមន្រ្តីទាំងពីរ «បានប្តេជ្ញាចិត្តរក្សាបណ្តាញទំនាក់ទំនងជាយុទ្ធសាស្ត្រនេះ និងបន្តការភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់បន្ថែមទៀត»។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិនស្តីពីកិច្ចប្រជុំប្រទេសម៉ាល់តាដដែលភាគច្រើនបានបន្លឺឡើងចំពោះកំណែរបស់សហរដ្ឋអាមេរិកដោយនិយាយថាភាគីទាំងពីរបានធ្វើការទំនាក់ទំនងជាយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ជាក់ស្តែង និងប្រកបដោយការស្ថាបនា។

គួរបញ្ជាក់ថា កន្លងមក ចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថាយកបញ្ហាបច្ចេកវិទ្យា និងពាណិជ្ជកម្មធ្វើជាអាវុធ ក្រោមរូបភាពនៃសន្តិសុខជាតិ ខណៈក្រុងវ៉ាស៊ីនតោនបានព្រមានទីក្រុងប៉េកាំងប្រឆាំងនឹងមហិច្ឆតាយោធាលើកោះតៃវ៉ាន់ និងប៉ាស៊ីហ្វិក។ អាមេរិកបានបង្កើតសម្ព័ន្ធភាពសន្តិសុខនៅប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលចិន ដែលកំពុងកើនឡើង។

គេមើលឃើញថា កិច្ចប្រជុំរបស់លោក ស៊ូលីវ៉ាន់ ជាមួយលោក វ៉ាង គឺជាជំនួបចុងក្រោយបង្អស់ក្នុងកិច្ចពិភាក្សាជាន់ខ្ពស់រវាងមន្ត្រីអាមេរិក និងចិន ដែលអាចដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជិនពីង នៅចុងឆ្នាំនេះ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner