សិប្បកម្មត្រីងៀតនៅកំពង់ធំបង្ហាញពីសារៈសំខាន់អនាម័យ និង ការគោរពបានស្តង់ដាសុវត្តិភាពម្ហូបអាហារជួយឱ្យងាយរកទីផ្សារទាំងក្នុងស្រុក និង បរទេស
ខេត្តកំពង់ធំ៖ តាមរយៈការយល់ដឹង និងបទពិសោធន៍ការរកទីផ្សារដែលជាតម្រូវការរបស់អតិថិជន កំពុងធ្វើឱ្យម្ចាស់សិប្បកម្មមួយចំនួនបានងាកមកចាប់អារម្មណ៍យកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតម្ហូបអាហារដែលប្រកបដោយស្តង់ដាសុវត្តិភាព។
ក្នុងបទពិសោធន៍កន្លងមកជាមួយអតិថិជន ម្ចាស់សិប្បកម្មផលិតត្រីងៀត លោក សួង សោភ័ណ ដែលបច្ចុប្បន្នស្ថិតនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុក ស្ទោង ខេត្តកំពង់ធំ ដោយកាលពីមុនគាត់បាន ផលិត ត្រីងៀត តាមបែបសម័យបុរាណពីឪពុកម្តាយ មកជាផលិតបែបថ្មីស្របតាមផលិតផលម្ហូបអាហារដែលប្រកបដោយស្តង់ដាសុវត្តិភាពនោះបានធ្វើឱ្យសិប្បកម្មរបស់លោករីកចម្រើន និងមានការទទួលស្គាល់ពីអតិថិជនជាបន្តបន្ទាប់។
លោកបានបញ្ជាក់ប្រាប់ដែរថាការដែលធ្វើឱ្យលោកបានក្លាយខ្លួនជាម្ចាស់សិប្បកម្មមានឈ្មោះបោះសម្លេង និង អាចសាងកេរ្តិ៍ឈ្មោះបន្តបន្ទាប់នេះដោយសារតែ លោក បានអនុវត្ត តាមរយៈគម្រោងមួយរបស់អង្គការ UNIDO ប្រចាំប្រទេសកម្ពុជា ដែលឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប។វាជា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFish-Capture) អនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧហ្សាហកម្ម(UNIDO) ហើយប្រការនេះវាបានជំរុញឱ្យលោកអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហាររហូតទល់សព្វថ្ងៃ។
សិប្បកម្ម បានកកើតឡើងតចាប់តាំងតែពីឆ្នាំ ២០១១ដែលនាពេលបច្ចុប្បន្ន លោកមិនត្រឹមតែផលិតត្រីងៀតទេនៅបានផលិតប្រហុក និងត្រីឆ្អើរផងដែរ។ ជាមធ្យមបច្ចុបុ្បន្នលោកអាចលក់ចន្លោះពី៥០០ទៅ៧០០គីឡូក្រាមក្នុងមួយខែ។សម្រាប់ងៀតត្រីរ៉ស់ មានតម្លៃជាមធ្យម២៨០០០ដល់៣០០០០រៀលក្នុងមួយគីឡូក្រាម។យ៉ាងណាក្តីបច្ចុប្បន្នលោកបានលក់ត្រឹមកម្រិតទីផ្សារក្នុងស្រុកនៅឡើយពិសេសការចែកចាយខេត្តកំពង់ធំ កំពង់ចាម និងខេត្តរតនគិរី។
បុរសរូបនេះបានរៀបរាប់ប្រាប់ថា”ត្រីងៀតដែលខ្ញុំបានយកមកធ្វើមានពីរប្រភេទគឺត្រីរ៉ស់ និងត្រីឌៀប ដែលពេលខ្លះបានមកពីធម្មជាតិ និងត្រីចិញ្ចឹម។ខ្ញុំអនុវត្តបានស្តង់ដានេះដោយសារបានប្រែក្លាយបរិវេណផ្ទះមានអនាម័យល្អ ពិសេសមានរោងសម្ងួតប្រើដោយពន្លឺព្រះអាទិត្យ ដែលមានកំដៅខ្ពស់ធ្វើឱ្យហាលស្ងួតល្អ គ្មានរុយរោម ការវេចខ្ចប់ ការទុកដាក់ប្រកបដោយអនាម័យខ្ពស់ជាដើម”។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា៖ សុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប។ ករណីនេះរដ្ឋបាលជលផល បានសហការជាមួយ ជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញឱ្យឱ្យអាជីវិកម្មនិងសិប្បកម្មនានាផលិតម្ហូបអាហារឱ្យមានសុវត្ថិភាព មានស្តង់ដារ លក់ក្នុងតម្លៃសមរម្យ ឱ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញបរិភោគ ដើម្បីកាត់បន្ថយការចំណាយ ទើបអាចប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិ។
លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ាថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការយូនីដូ(UNIDO)បានបញ្ជាក់ថាផលិតផលក្រោយប្រមូលផលស្តីពីអាហារសុវត្ថិភាព រួមមាន៖ ត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គារក្រៀម គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុក និងប្រទេសជិតខាង ហើយអាហារសុវត្ថិភាពនេះ នឹងត្រូវយកទៅប្រកួតប្រជែងនៅលើទីផ្សារជាតិ អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបទៀតផង។
គួរបញ្ជាក់ថាមានសិប្បកម្មចំនួន២៨ បានអនុវត្តតម្រូវការអប្បបរមា សុវត្តិភាពម្ហូបអាហារនិមិត្តសញ្ញាបញ្ជាក់គុណភាពផលិតផលកម្ពុជា(CQS)រួចហើយ ៕
ដោយ៖ម៉ាដេប៉ូ , ឆៃហួត