ឯកឧត្តម នេត្រ ភក្រ្តា៖ ការផ្តល់ងារជាទីប្រឹក្សាគឺជា ការផ្តល់នូវកិត្តិយសដល់អ្នកជំនាន់មុនដែលលះបង់គ្រប់បែបយ៉ាង តស៊ូរហូតមក ពេលនេះដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងថាការផ្តល់ងារជាទីប្រឹក្សាគឺជា ការផ្តល់នូវកិត្តិយសដល់អ្នកជំនាន់មុនដែល បានបំពេញការងារតាំងពីឆ្នាំ១៩៧៩ មក និងបាន លះបង់គ្រប់បែបយ៉ាង តស៊ូរហូតមក ពេលនេះដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន «ទីប្រឹក្សាដើរតួនាទីសំខាន់ក្នុងការជួយជូនយោបល់និងចូលរួមក្នុងការអនុវត្តការងាររបស់ក្រសួងឱ្យសម្រេចបានតាមចក្ខុវិស័យដែលបានកំណត់។ ចក្ខុវិស័យរបស់ក្រសួងព័ត៌មានគឺជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយភាពសកម្ម បុរេសកម្ម អន្តរសកម្ម និងមានប្រសិទ្ធភាពនិងគុណភាព»។
នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសនៃការជួបប្រជុំជាមួយទីប្រឹក្សាក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ ទីប្រឹក្សាក្រសួងដែលឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាជាធនធានមនុស្សប្រកបដោយសក្តានុពល និងពោរពេញដោយបទពិសោធវិជ្ជាជីវៈ ជាកម្លាំងចលករមួយជួយជំរុញការងារឱ្យបានលឿន។
ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងថាការផ្តល់ងារជាទីប្រឹក្សាគឺជា ការផ្តល់នូវកិត្តិយសដល់អ្នកជំនាន់មុនដែល បានបំពេញការងារតាំងពីឆ្នាំ១៩៧៩ មកបាន លះបង់គ្រប់បែបយ៉ាង តស៊ូរហូតមក ពេលនេះដើម្បីផលប្រយោជន៍ប្រទេសជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងថា ការរក្សាទុកអ្នកជំនាន់មុនជាទីប្រឹក្សា គឺដើម្បីផ្ទេរចំណេះ និងជំនាញរបស់លោក អ៊ុ ពូ មីង ដែលមានវ័យចំណាស់ មកឱ្យក្មេង ជំនាន់ ក្រោយ ដែលជាការរក្សានូវអ្វីដែលជាចំណេះជំនាញនៅក្នុងក្រោមខណ្ឌក្រសួង ព័ត៌ មាន ពីជំនាន់មួយ ទៅជំនាន់មួយទៀត។
ឯកឧត្តម នេត្រ ភក្ត្រា បានគួសបញ្ជាក់ថា សម្រាប់មន្រ្តីរាជការដែលបានបំពេញកិច្ច ការងារតាំងពីគ្រាលំបាក រហូតមកចូលនិវត្តន៍ គឺមនុស្សសំខាន់សម្រាប់មន្រ្តីជំនាន់ក្រោយ ហើយបើសិនជាគាត់មិន នៅជាទីប្រឹក្សាក្នុងការផ្តល់យោបល់ផ្នែកបច្ចេកទេសនោះទេ គឺនឹងជួបការលំបាក។
ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុក អុំ ពូ មីង អ្នកជំនាន់ ដែលនៅ មកដល់បច្ចុប្បន្ននេះ គឺជាបេតិក ភណ្ឌរស់ ជាវចនានុក្រមបច្ចេកទេសរបស់ក្រសួង ព័ត៌មាន ដែលរស់ ព្រោះក្មេងៗជំនាន់ ក្រោយមិនចាំបាច់ទៅសិក្សាច្រើនលើកិច្ច ការងារខ្លះ នោះទេ គ្រាន់តែសួរ មតិយោបល់ របស់ គាត់នោះការងារនឹងដំណើរការទៅលឿន។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថាទីប្រឹក្សាក្រសួងនៃក្រសួងព័ត៌មានមួយភាគធំគឺជាថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មានដែលចូលនិវត្តន៍ ប៉ុន្តែពួកគាត់បានបន្តលះបង់កម្លាំងកាយ កម្លាំងចិត្តដើម្បីជួយការងារក្រសួង និងអគ្គនាយកដ្ឋានចំណុះជាពិសេសទីប្រឹក្សាទាំងនេះបានដើរតួនាទី យ៉ាងសំខាន់កាលពីអតីតកាលក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងតរៀងមកក្នុងនាមជាឃោសនិក និងទាហានផ្នែកការងារសតិអារម្មណ៍។
ឯកឧត្តមបាន ថ្លែងដោយក្តីមោទនចំពោះតួនាទីដ៏សំខាន់របស់មន្ត្រីចូលនិវត្តន៍ និងមន្ត្រីដែលកំពុងបំពេញកិច្ចការងារទាំងអស់ថាជាផ្នែកមួយដ៏សំខាន់នៃដំណើររបស់កម្ពុជា ហើយមន្ត្រីនៃក្រសួងព័ត៌មានបានចូលរួមចំណែកក្នុងការធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ពលរដ្ឋរស់នៅដោយសុខសាន្ត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលជាង ៤៤ ឆ្នាំមកនេះ និងបន្តរស់ក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ការលះបង់នូវកម្លាំងកាយចិត្ត និងបញ្ញាស្មារតីរបស់ទីប្រឹក្សាមួយចំនួនដែលជាអតីតមន្រ្តីរាជការក្រសួងព័ត៌មានផ្ទាល់ដោយការរួមចំណែករបស់ពួកគាត់បានជួយគាំទ្រយ៉ាងខ្លាំងដល់ការបញ្ចូនព័ត៌មានដែលត្រឹមត្រូវមានគុណភាពនិងគ្រប់ទម្រង់ទាំងអស់ទៅកាន់សាធារណជនក្នុងរយៈពេលកន្លងមកនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីតែងអប់រំថា រក្សាចាស់បង្កើនថ្មី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអប់រំថា ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង។ ក្នុងស្មារតីសាមគ្គីភាពនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវរួមកម្លាំងគ្នាដើម្បីកសាងក្រសួងព័ត៌មានមួយដែលខ្លាំង ហើយទាំងថ្នាក់ដឹកនាំ មន្ត្រី ទីប្រឹក្សា ត្រូវរួមកម្លាំងគ្នាបម្រើប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មានពិត ជឿទុកចិត្ត និងលឿនរហ័ស៕
ដោយ ង៉ាន់ ទិត្យ