ថ្ងៃទី២ នៃវេទិកាយុវជនលើកទី២ របស់សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន ផ្ដោតការពិភាក្សាលើប្រធានបទចំនួន៥ ដើម្បីរកដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌
ភ្នំពេញ៖ ប្រធានបទចំនួន៥ ត្រូវបានលើកមកពិភាក្សារួមគ្នា រកដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ និងដើម្បីកសាងសេចក្ដីថ្លែងការណ៍រួមថ្មីមួយ សម្រាប់វេទិកាយុវជនលើកទី២ ឆ្នាំ២០២៣ និងដើម្បីយកទៅបង្ហាញជូនថ្នាក់ដឹកនាំទាំង ១១សមាគមជាតិ នៅថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំ ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឌួង ទេពសុគន្ធា តំណាងប្រតិភូយុវជនកាកបាទក្រហមកម្ពុជា។
លោកស្រី ឌួង ទេពសុគន្ធា បានឱ្យដឹងថា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃទី២ នៃកម្មវិធីវេទិកាយុវជនលើកទី២ ក្នុងនោះប្រតិភូយុវជនទាំង ១១សមាគមជាតិទទួលបានឱកាសពិនិត្យ ពិភាក្សាលើការអនុវត្តនៃសេចក្ដីថ្លែងការណ៍ នៃវេទិកាយុវជនលើកទី១ ដែលបានកសាងឡើងនៅប្រទេសព្រុយណេ កាលពីឆ្នាំ២០២២។
លោកស្រីបានបន្តថា ប្រតិភូយុវជនទាំងអស់ បានធ្វើការបង្ហាញអារម្មណ៍តាមរយៈការគូរបង្ហាញទឹកមុខទៅលើចំណុចនីមួយៗ នៃសេចក្ដីថ្លែងការណ៍យុវជនឆ្នាំ២០២២ ដោយធ្វើការឆ្លុះបញ្ចាំងនូវចំណុចទាំងនោះជាមួយនឹងការអនុវត្តជាក់ស្ដែងរបស់សមាគមជាតិពួកគាត់ ហើយពួកគាត់បានធ្វើការពិភាក្សាជាក្រុមម្ដងទៀតថាតើចំណុចមួយណាដែលទទួលបាននូវការបង្ហាញអារម្មណ៍អវិជ្ជមានច្រើនជាងគេ ហើយព្យាយាមរកហេតុផលនៅពីក្រោយភាពអវិជ្ជមាននោះ ដោយផ្អែកលើការវាយតម្លៃតាមបែប SWOT Analysis ដែលមានដូចជា៖ ភាពខ្លាំង ភាពខ្សោយ ឱកាស និងភាពគំរាមកំហែង។
បន្ទាប់ពីនោះ ក៏មានការបែងចែកជាការពិភាក្សាតាមក្រុម ទៅតាមប្រធានបទខុសៗគ្នាដូចជា៖ ក្រុមទី១ ពិភាក្សាលើប្រធានបទ ការអភិវឌ្ឍន៍យុវជន, ក្រុមទី២ ពិភាក្សាលើប្រធានបទ ការការពារ យេនឌ័រ និងបរិយាប័ន្ន, ក្រុមទី៣ ពិភាក្សាលើប្រធានបទ ការប្រែប្រួលអាកាសធាតុ, ក្រុមទី៤ ពិភាក្សាលើប្រធានបទ គ្រោះមហន្តរាយ, និងក្រុមទី៥ ពិភាក្សាលើប្រធានបទ សុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសាស្ត្រសង្គម។ ក្រុមនីមួយៗបានធ្វើការពិភាក្សាស្វែងរកនូវបញ្ហាប្រឈមដែលទាក់ទងទៅនឹងប្រធានបទរបស់ខ្លួន រួចកំណត់យកបញ្ហាប្រឈមមួយដែលជាអាទិភាព ហើយសិក្សាលើបញ្ហានោះថាតើហេតុអ្វីបានរឿងទាំងនោះជាបញ្ហា និងត្រូវចេះដាក់សំនួរសួរខ្លួនឯងថា តើយើងធ្វើយ៉ាងណាទើបអាចដោះស្រាយបញ្ហានេះបាន?
តំណាងប្រតិភូយុវជនកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ជាលទ្ធផល ប្រតិភូយុវជនទាំង ១១សមាគមជាតិ បានពិនិត្យ និងពិភាក្សារួមគ្នាយ៉ាងស៊ីជម្រៅទៅលើសេចក្ដីថ្លែងការណ៍យុវជនឆ្នាំ២០២២ និងបញ្ហាដែលកើតមានឡើងចំពោះមុខ ដែលទាក់ទងទៅនឹងប្រធានបទទាំង ៥ក្រុមខាងលើ និងចេះវាយតម្លៃរកភាពខ្លាំង ភាពខ្សោយ នៃបញ្ហាទាំងនោះ ព្រមទាំងសិក្សាពីឱកាស និងភាពគំរាមកំហែងមួយចំនួនដែលធ្វើឱ្យបញ្ហាទាំងនោះកើតមានឡើង។
គួរបញ្ចាក់ដែរថា កិច្ចពិភាក្សាបានលើកទៅបង្ហាញនៅថ្ងៃទី១៩កញ្ញា ហើយពួកគេនឹងសិក្សាស៊ីជម្រៅបន្ថែមទៀត ដើម្បីកំណត់យកបញ្ហាតែមួយគត់ក្នុងចំណោម ៥ប្រធានបទខាងលើ ដើម្បីពិភាក្សាបន្ថែមរកនូវដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ និងដើម្បីកសាងសេចក្ដីថ្លែងការណ៍រួមថ្មីមួយ សម្រាប់វេទិកាយុវជនលើកទី២ ឆ្នាំ២០២៣ និងដើម្បីយកទៅបង្ហាញជូនថ្នាក់ដឹកនាំទាំង ១១សមាគមជាតិ នៅថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសនេះ ប្រតិភូយុវជនទាំងអស់ទទួលបានការបង្ហាញ និងពន្យល់យ៉ាងក្បោះក្បាយអំពីកម្មវិធីដាំដើមឈើ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ នៃវេទិកាយុវជនលើកទី២ ពីសំណាក់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដើម្បីឱ្យមានការចូលរួមបានផុសផុលពីសំណាក់ប្រតិភូយុវជនជាតិ និងអន្តរជាតិ និងដើម្បីកម្មវិធីដាំដើមឈើដំណើរការទៅបានដោយរលូន និងជោគជ័យក្នុងការលើកកម្ពស់ការការពារបរិស្ថាន ការលើកកម្ពស់ការដាំដើមឈើ ដើម្បីបរិស្ថានពណ៌បៃតង និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ គ្រី សម្បត្តិ