រថយន្តក្រុងធ្លាក់ចូលជ្រោះ ស្លាប់មនុស្ស ២៥នាក់ នៅប្រទេសប៉េរូ

លីម៉ា៖ យោងតាមអាជ្ញាធរបានឱ្យដឹងថា រថយន្តក្រុងមួយគ្រឿងបានធ្លាក់ពីគែមផ្លូវភ្នំតូចចង្អៀតមួយកន្លែង នៅភាគអាគ្នេយ៍នៃប្រទេសប៉េរូ ដោយបានសម្លាប់មនុស្ស ២៥ នាក់ ក្នុងនោះ មានកុមារពីរនាក់។

ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃចន្ទ សប្តាហ៍នេះ នៅពេលដែលរថយន្តក្រុងដែលធ្វើដំណើរនៅតាមតំបន់ជួរភ្នំ Andean បានធ្លាក់ចូលទៅក្នុងជ្រោះ ប្រវែង ២០០ ម៉ែត្រ នៅក្នុងទីក្រុង Huancavelica នេះបើតាមមន្ត្រីប៉ូលីសបានប្រាប់ AFP ។

រដ្ឋមន្ត្រីការពារជាតិប៉េរូ លោក Jorge Chavez បាននិយាយថា «ចំនួនអ្នកស្លាប់គឺ ២៥ នាក់ និងរបួស ៣៤ នាក់»។

ប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte ដែលកំពុងមានវត្តមាននៅទីក្រុងញូវយ៉ក ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បានចូលរួមរំលែកទុក្ខដល់មនុស្សជាទីស្រលាញ់របស់ជនរងគ្រោះ។

គ្រោះថ្នាក់កើតឡើងជាញឹកញាប់ នៅតាមដងផ្លូវជាតិ នៃប្រទេសប៉េរូ ដោយសារការបើកបរហួសល្បឿនកំណត់ ស្ថានភាពផ្លូវមិនល្អ ខ្វះផ្លាកសញ្ញា និងការអនុវត្តច្បាប់ចរាចរណ៍មិនល្អ។ គ្រោះថ្នាក់នៅតំបន់ដដែលនេះ កាលពីខែមុន បានបណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់ និង៥នាក់របួសធ្ងន់ស្រាល។

អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ចំនួន ៤៤១៤ នាក់នៅក្នុងប្រទេសប៉េរូ ក្នុងឆ្នាំ ២០១៩៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner