នាយករដ្ឋមន្ត្រីកាណាដា ថា ឥណ្ឌាអាចជាប់ពាក់ព័ន្ធនឹងការធ្វើឃាតមេដឹកនាំជនជាតិភាគតិច Sikh
អូតាវ៉ា៖ នាយករដ្ឋមន្រ្តីប្រទេសកាណាដា លោក Justin Trudeau បាននិយាយ កាលពីថ្ងៃចន្ទ សប្តាហ៍នេះថា រដ្ឋបាលអូតាវ៉ាកំពុងស៊ើបអង្កេត «ការចោទប្រកាន់គួរឱ្យទុកចិត្ត» ដែលថាភ្នាក់ងារឥណ្ឌាអាចនឹងសម្លាប់មេដឹកនាំក្រុមជនជាតិភាគតិច Sikh ដែលនិរទេសខ្លួន នៅក្នុងខែមិថុនា នៅជិតនឹងទីក្រុង Vancouver ។
លោក Trudeau បានប្រាប់សម័យប្រជុំបន្ទាន់ នៃសភាប្រឆាំងថា រដ្ឋាភិបាលរបស់លោកកំពុង “ស្វែងរកយ៉ាងសកម្ម” ភស្តុតាងនៃទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងការសម្លាប់លោក Hardeep Singh Nijjar មេដឹកនាំក្រុមជនជាតិភាគតិច Sikh ដែលជាពលរដ្ឋកាណាដា។
លោក Trudeau បាននិយាយថា «ការចូលរួមរបស់រដ្ឋាភិបាលបរទេសណាមួយ ក្នុងការសម្លាប់ពលរដ្ឋកាណាដា នៅលើទឹកដីកាណាដា គឺជាការរំលោភលើអធិបតេយ្យភាពរបស់យើងដែលមិនអាចទទួលយកបាន» ។
លោកបានអំពាវនាវ «ក្នុងលក្ខខណ្ឌដែលអាចធ្វើទៅបានខ្លាំងបំផុត» លើរដ្ឋាភិបាលឥណ្ឌាក្នុងការសហការក្នុងការជម្រះបញ្ហានេះ។
លោក Nijjar ដែលឥណ្ឌាបានចាត់ទុកថា ជាភេរវករតាមចាប់ខ្លួននោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី ១៨ ខែមិថុនា នៅតំបន់ Surrey ជាយក្រុង Vancouver ដែលជាតំបន់របស់ជនជាតិភាគតិច Sikh ដ៏ធំបំផុតមួយ នៅក្នុងប្រទេសកាណាដា។
លោក Nijjar បានតស៊ូមតិសម្រាប់ការបង្កើតរដ្ឋ Sikh ឯករាជ្យមួយ ចេញពីផ្នែកខ្លះនៃភាគខាងជើង នៃប្រទេសឥណ្ឌា និងប្រហែលជាផ្នែកមួយ នៃប្រទេសប៉ាគីស្ថាន។
ប្រទេសឥណ្ឌាបានចោទប្រកាន់លោក Nijjar ថា បានធ្វើការវាយប្រហារភេរវកម្មនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានមេដឹកនាំជនជាតិភាគតិចរូបនោះ បានបដិសេធ។
ភាពតានតឹងរវាងឥណ្ឌានិងកាណាដាបានកំពុងឆាបឆេះ ជុំវិញការសម្លាប់ដែលមិនអាចដោះស្រាយបាន ហើយការមិនសប្បាយចិត្តរបស់ឥណ្ឌាចំពោះរបៀបដែលកាណាដាបានដោះស្រាយទាក់ទងនឹងក្រុមផ្តាច់ខ្លួន Sikh ស្តាំនិយម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត