ឯកឧត្តម ហួត ហាក់ ណែនាំ ប្រធានមន្ទីររាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើរបៀបរបបការងារ ត្រូវចុះពិនិត្យមើលទីតាំងជាក់ស្តែង និងការអនុវត្តជាក់ស្តែង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានធ្វើការណែនាំដល់ប្រធានមន្ទីររាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើរបៀបរបបការងារ ត្រូវមានរបបប្រជុំជាទៀងទាត់ប្រចាំសប្តាហ៍ ត្រូវមានរបបរាយការណ៍ ត្រូវមានរបបចុះមូលដ្ឋាន ត្រូវចុះពិនិត្យមើលទីតាំងជាក់ស្តែង ការអនុវត្តជាក់ស្តែង តើឆ្លើយតបនឹងតម្រូវការហើយឬនៅ និងត្រូវមានរបបរៀនសូត្រ ត្រូវផ្ទៀងផ្ទាត់ខ្លួនឯងថានៅខ្វះអីខ្លះ ដើម្បីរៀនសូត្របន្ថែមទៀត និងរបបតាមដានត្រួតពិនិត្យ និងវាយតម្លៃរបៀបរបបការងារ ។
ការណែនាំខាងលើនេះបានធ្វើឡើងក្នុងពិធីប្រជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំក្រសួង ជាមួយប្រធានមន្ទីររាជធានី ខេត្តទាំង ២៥ ដើម្បីស្តាប់របាយការណ៍សង្ខេបរបស់លោក លោកស្រីប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អំពីចំណុចខ្លាំង ចំនុចខ្សោយ បញ្ហាប្រឈមសំណូមពរ និងទិសដៅអនុវត្តការងារបន្ត នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីថា ឯកឧត្តម បានដឹកនាំក្រុមការងារទៅការពារសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដោយទទួលបានការជោគជ័យ ២ដំណាក់កាលធំៗរួចមកហើយ នៅរដ្ឋសភា ដែលទទួលបានការអនុម័តគាំទ្រ ដោយសំឡេងចំនួន ១១៤សម្លេង ហើយបន្ទាប់ទៅទៀតឯកឧត្តមនឹងអញ្ជើញដឹកនាំក្រុមការងារទៅការពារសេចក្តីព្រាងច្បាប់នៅព្រឹទ្ធសភានាពេលខាងមុខ ។
ឆ្លើយតបជាមួយបញ្ហាប្រឈម និងសំណូមពរផ្សេងៗ របស់មន្ទីររាជធានី ខេត្តទាំងអស់ បានលើកឡើង ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនថា ក្រុមការងារតាក់តែងលិខិតបទដ្ឋានគតិយុត្ត បានរៀបចំផែនការងារ និងពន្លឿនកិច្ចការងាររៀបចំលិខិតបទដ្ឋានគតិយុត្ត នៅពេលសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតច្បាប់ ត្រូវបានអនុម័ត ដែលយើងរំពឹងថានឹងបញ្ចប់នៅចុងខែកញ្ញានេះ។
ការងារបណ្តុះបណ្តាលមន្រ្តី(ជំនាញអធិការកិច្ច, រដ្ឋបាល, ច្បាប់, បច្ចេកវិទ្យា) សូមមន្ទីររាជធានី ខេត្ត លើកជាសំណើផែនការបណ្តុះបណ្តាលរបស់មន្ត្រី ដាក់ជូនមកក្រសួង។ ចំពោះការស្នើសុំថវិកា, មធ្យោបាយធ្វើដំណើរ, សម្ភារៈបរិក្ខានានា សូមមន្ទីររាជធានី ខេត្ត លើកគម្រោងផែនការថវិកា ដោយត្រូវផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយរបស់ក្រសួង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងវិចារណកម្មអាទិភាពចំណាយឱ្យឆ្លើយតបនឹងគោលនយោបាយរបស់ក្រសួង,ថវិកាកម្មវិធី ៕
ដោយ ៖ ហេង សម្បត្តិ