អ្នករៀបចំប្រណាំងម៉ូតូ Hard Enduro គ្រោងរៀបចំមួយឆ្នាំ អោយបាន ៣ដង នៅកម្ពុជា
ភ្នំពេញ៖ លោក Damir Karassayev ប្រធាន HERO Club និងជាអ្នករៀបចំប្រណាំងម៉ូតូ បានបញ្ជាក់ថា កីឡាករប្រណាំងម៉ូតូកម្ពុជាភាគច្រើនស្រឡាញ់ និងមានសក្តានុពលលើវិញ្ញាសា Hard Enduro ដូច្នេះយើងគ្រោងនឹងរៀបចំអោយបាន៣ដងក្នុងមួយឆ្នាំ។
ការបញ្ជាក់នេះក្រោយបញ្ចប់ការប្រណាំងម៉ូតូ Hard Enduro Cambodia Cup 2023 នៅទីលានភ្នំប្រសិត ស្រុកអង្គស្រួល ខេត្តកណ្តាល កាលពីចុងសប្តាហ៍កន្លងទៅ។
លោក Damir Karassayev បានអោយដឹងថា ការៀបចំលើកទី១នេះ គណកម្មការទទួលបានការរិះគន់ច្រើន ក្នុងន័យស្ថាបនា យើងសប្បាយចិត្តចំពោះការលើកឡើង ដើម្បីរៀបចំការប្រណាំងលើកក្រោយអោយកាន់តែល្អចូលរួមអភិវឌ្ឍវិស័យកីឡាប្រណាំងម៉ូតូជាពិសេសវិញ្ញាសា Hard Enduro នៅកម្ពុជា។ អ្នករៀបចំរូបនេះ បន្តថា កីឡាករកម្ពុជាភាគស្រឡាញ់ និងចូលចិត្តវិញ្ញាសា Motor Cross ច្រើន ហើយធ្វើបានល្អបើទោះបីមានឧបសគ្គច្រើន ជាមួយវិញ្ញាសាថ្មីក៏ដោយ។
លោក Damir Karassayev ប្រធាន HERO Club បន្ថែមទៀតថា ការបង្កើនការប្រណាំងអោយបាន៣ដងក្នុងមួយឆ្នាំ លោកក៏គ្រោងបន្ថែម Class ស្រ្តី និង Class កុមារ ដើម្បីផ្តល់ឪកាសអោយពួកគាត់បានចូលរួមប្រណាំងអភិវឌ្ឍជំនាញក្មេងអោយកាន់តែច្រើន និងបង្កភាពសប្បាយរីករាយជូនស្រ្តីៗដែលចូលចិត្តកីឡាមួយនេះផងដែរ។
លោក ហេង ខេមរិន មន្រ្តីបច្ចេកទេសសហពន្ធកីឡាយានយន្តកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់ ក្លឹប HERO ដែលរៀបចំលើកដំបូង គណក្មការក៏លើកដំបូង វិញ្ញាសាក៏លើកដំបូង តែកីឡាករទាំងអស់សប្បាយរីករាយ គ្មានគ្រោះថ្នាក់ ទោះបីមានការខ្វះខាតបន្តិចបន្តួចក្តី តែសហព័ន្ធបន្តការលើកទឹកចិត្តនិងគាំទ្រអោយបន្តការរៀបចំ។
សូមបញ្ជាក់ថា ការប្រណាំងម៉ូតូ Hard Enduro Cambodia Cup 2023 មានកីឡាករចូលរួមសរុប៤០នាក់ មកពី១០ប្រទេស ប្រកួតលើ២ Class Amatuer និង Sport ។ រីឯលទ្ធផលវិញ Class Amatuer លេខ១ កីឡាករ ឡា ឡា លេខ២ កែវ គីមហួរ និងលេខ៣ កីឡាករ ប៊ូ ពិសិដ្ឋ ។ Class Sport លេខ១ កីឡាករអង់គ្លេស Ben Spill លេខ២កីឡាករអង់គ្លេស Kyle Robertson និងលេខ៣ កីឡាករបារាំង Nouveau Thibaut ៕
ចាន់ វិចិត្រ