អគារទីស្ដីការក្រសួងមហាផ្ទៃ ត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ នូវអគារទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតកាលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍ថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យត្រៀមសម្រាប់រៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម សន្ដិបណ្ឌិត បន្ដថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង នាពេលកន្លងទៅ សម្ដេចក្រឡាហោម បានយកចិត្តទុកដាក់ចំពោះការងារសាងសង់ និងរៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ដោយធ្វើយ៉ាងណារៀបចំពិធីនេះឡើង ដោយអធិកអធម ដើម្បីឱ្យសាកសមទៅនឹងអគារថ្មីនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានលើកឡើងថា រហូត មកដល់ពេលនេះ ការងារសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ បានសាងសង់រួចរាល់ចប់សព្វគ្រប់។ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យមានការជួសជុលអគារអមសងខាង និងលាបពណ៌ ឱ្យប្រហាក់ប្រហែលជាមួយអគារទីស្ដីការថ្មី។ ចំពោះការងាររៀបចំពិធីសម្ពោធអគារទីស្ដីការនេះ ឯកឧត្តម អគ្គនាយក បានលើកឡើងទៀតថា តាមគម្រោង នឹងរៀបចែកសៀវភៅសរសេររៀបរាប់អំពីដំណើរការសាងសង់អគារនេះ ជូនដល់គណៈអធិបតី និងភ្ញៀវទាំងអស់ ដែលបានអញ្ជើញចូលរួម។

ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចំពោះសមាសភាពចូលរួមក្នុងពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ នឹងមានការអញ្ជើញពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តម-លោកជំទាវ រដ្ឋមន្ដ្រីតាមបណ្ដាក្រសួង-ស្ថាប័នទាំងអស់, អគ្គស្នងការដ្ឋាននគរបាលជាតិ, ប្រធានក្រុមប្រឹក្សា-អភិបាលរាជធានី-ខេត្ត, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត, និងអង្គទូតនានា ប្រចាំប្រទេសកម្ពុជាផងដែរ ៕

ដោយ-រ៉ាវុធ
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner