សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់បងប្អូននៅខេត្តតាកែវ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការពារបាននូវសុខសន្តិភាព
ខេត្តតាកែវ ៖ សម្តេសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ សម្ដេចក៏បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដាច់ខាត គឺត្រូវការពារសន្តិភាពឱ្យបាន។ សម្តេចមហាបរវធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល អាណត្តិ៧ គឺបន្តអនុវត្តនូវបេសកកម្មក្នុងការបម្រើប្រជាជនដោយសម្រួចបន្ថែមលើគោលនយោបាយដែលមានស្រាប់ ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយសុខសន្ដិភាព។
សម្តេចធិបតី បានបន្តថា គណបក្សប្រជាជនកម្ពុជា មិនសន្យាជាមួយប្រជាជនថា ធ្វើបែបនេះ ឬបែបនោះ សម្រាប់ប្រជាជននោះទេ ប៉ុន្ដែគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋ ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងនៅជាមួយប្រជាពលរដ្ឋជានិច្ច ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជា មិនមែនដើរតែសន្យានោះទេ គឺធ្វើទង្វើជាក់ស្តែង ដែលនាំឱ្យប្រជាជនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងទៅ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ