អ្នកជំនាញ គាំទ្រលើការ​ឯកភាពគ្នា​ក្នុង​​ការ​បន្ស៊ីរវាងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា និងគំ​និតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកជំនាញ​ផ្នែក​ទំនាក់ទំនងអន្តរជាតិ និង​វិទ្យាសាស្រ្តនយោបាយបានបង្ហាញការគាំទ្រទៅលើ​មេដឹកនាំកម្ពុ​ជា និងចិនក្នុង​ការ​ឯកភាពគ្នាលើការបន្ស៊ីរវាងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា និងគំ​និតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ(BRI) របស់រដ្ឋាភិបាលចិន។

​ការឯកភាពគ្នានេះ ធ្វើឡើងតាមរយៈសមទ្ធិផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទ្វេភាគីដំបូងទៅកាន់សាធារណរដ្ឋប្រជាមានិតចិនរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧​ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសរួមរវាងរដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ​២០២៣។​

​លោក​ ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បាន​បង្ហាញការសាទរចំពោះប្តេជ្ញាបន្ស៊ីគ្នារវាងផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលប្រទេសទាំងពីរខណៈកម្ពុជាជាសមាជិកសំ​ខា​ន់ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) យូរមកហើយ ដើម្បីធ្វើឱ្យ​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំ​ង២ កាន់តែជិតស្និទ្ធ និងរលូនជាងមុន ហើយ BRI ជាផ្នែកសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា។

លោក​ ស៊ឺន សម បានថ្លែង​ថា ៖ «BRI មានវត្តមាននៅកម្ពុជាយូរមុន យុទ្ធសាស្ត្របញ្ចកោណទៅទៀ​ត។ ដូច្នេះ របស់ដែលមានស្រាប់បូកនឹងយុទ្ធសាស្រ្តថ្មីរបស់នាយករដ្ឋមន្ត្រីថ្មី នឹងនាំមកនូវការអភិវឌ្ឍស​ម្រាប់កម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាគួរមានការប្រុងប្រយ័ត្នក្នុងការអនុវត្តជាជំហានៗ»​។

លោកបន្ថែមថា យុទ្ធសាស្រ្តបញ្ចកោណ និងគម្រោង BRI មានធាតុដូចគ្នា ដើម្បីសម្រេចគោលដៅរួម ដែ​លនឹងនាំមកនូវប្រាក់កម្ចីសម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងដោះស្រាយគោលដៅអភិវឌ្ឍន៍នានាសំដៅការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ចំណែក ​លោក​ ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយវិញយល់ថា គោលដៅបន្ស៊ីគ្នាជាគំនិតល្អ និងជារឿងសាទរដែលមេដឹកនាំប្រទេសទាំងពីរមានឆន្ទៈ និងសម្រេចបានក្នុងពេលនេះ ប៉ុន្តែលោ​កចង់ឱ្យរដ្ឋាភិបាលកម្ពុជាខិតខំពង្រឹងសមត្ថភាពផ្ទៃក្នុងប្រទេសជាមុនសិន មុនចាប់ដៃកសាងជាមួយចិន។

គួរជម្រាបដែរ​ថា «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយរបស់ខ្លួន សម្រាប់ការកសាង និងការពារមា​តុភូមិឆ្នាំ២០២៣-២០២៨ ដែលរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត​ បានដាក់ចេញកាលពីខែសីហា ឆ្នាំ២​០២៤ ដែលផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប​ង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល។​

ចំណែកគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ(BRI)  ជាយុទ្ធសាស្ត្រដែលបានដាក់ចេញដោយប្រធានាធិបតីចិនស៊ី ជីនភីង កាលពីឆ្នាំ២០១៣ ក្នុងន័យតភ្ជាប់គ្នារវាងប្រទេសចិនទៅនឹងបណ្តាប្រទេសដទៃទៀតតៅតាមប​ណ្តោយផ្លូវឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីលើកកម្ពស់និងសម្របសម្រួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងការប្រស្រ័យទាក់ទង ព្រមទាំងវិស័យនានាឯទៀត។

ទាក់ទងនឹង​កិច្ច​សហប្រតិបត្តិ​​រវាង​កម្ពុជា និង​ចិននេះដែរ ​ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​នាយប់ថ្ងៃទី១៧ ខែកញ្ញា ​​​ឯកឧត្តម ​​​ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​លើកឡើងថា កិច្ចសហប្រតិបត្តិ​កម្ពុជា-ចិននឹង​បន្ត​ប្រព្រឹត្តទៅដដែល ដែ​លកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរក្លាយជាទំនាក់ទំនងដែកថែប។

ឯកឧត្តមបានបន្តថា ៖ «ចំណែកកិច្ចសហប្រតិបត្តិការគឺបានក្លាយជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយយើងបានចុះអនុស្សារណៈជាមួយនឹងប្រទេសចិន ភ្ជាប់​នឹងឯកសារមួយចំនួនធ្វើឱ្យមានការបន្ស៊ីគ្នារវាងយុទ្ធសាស្រ្តបញ្ចកោណ និង​គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលទាំងនេះសុទ្ធតែយុទ្ធសាស្រ្តដើម្បីទាញប្រយោជន៍សេដ្ឋកិច្ច​ផងដែរ»៕

ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner