នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តដល់ពលរដ្ឋយកកូនឱ្យបានច្រើន និងស្នើឱ្យក្រសួងផែនការ ពិនិត្យមើលគោលនយោបាយប្រជាសាស្រ្តឡើងវិញ ខណៈកម្ពុជា នឹងក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

ខេត្តតាកែវ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ យកកូនឱ្យបានច្រើន ដើម្បីត្រៀមធ្វើជាពលរដ្ឋពេញកម្លាំងសម្រាប់ឆ្នាំ២០៥០ និងបានស្នើឱ្យក្រសួងផែនការ ពិនិត្យមើលគោលនយោបាយប្រជាសាស្រ្តឡើងវិញ ខណៈកម្ពុជា នឹងក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ។ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។

សម្តេចធិបតី បានបន្តថា តាមការព្យាករណ៍ប្រជាសាស្រ្តរបស់ក្រសួងផែនការឆ្នាំ២០៥០ ចំនួនមនុស្សចាស់ នៅកម្ពុជា នឹងកើនឡើងខ្ពស់ ។ សម្ដេចបញ្ជាក់ថា ប្រទេសអភិវឌ្ឍន៍ត្រូវការកម្លាំងយុវជនច្រើនជាងមនុស្សចាស់ ដូចនេះ ក្រសួងផែនការត្រូវពិនិត្យគោលនយោបាយប្រជាសាស្ត្រនេះឡើងវិញ ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា សល់ ២៧ឆ្នាំទៀត ដែលមិនយូរនោះទេ បញ្ហានេះទាមទារឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាវិទ្យាសាស្រ្ត ព្រោះនៅពេលនោះ កម្ពុជា ត្រូវការកម្លាំងពលកម្មច្រើន។ សម្ដេច ក៏បានបង្ហាញពីបំណងចង់បង្កើនចំនួនប្រជាសាស្រ្តនៃប្រជាជនកម្ពុជា នៅកម្ពុជា ឱ្យឡើងបានដល់ ៣០លាននាក់ ទៅ ៤០លាននាក់ ខណៈបច្ចុប្បន្ន កម្ពុជា ទើបទទួលបាន ១៧លាននាក់ប៉ុណ្ណោះ ដើម្បីសមាមាត្រនឹងការងារនៅពេលអនាគត ។

សម្តេចធិបតី បានស្នើឱ្យក្រសួងផែនការ ពិនិត្យស្ថិតិឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រាកដថា នៅឆ្នាំ២០៥០ មានអត្រាប្រជាពលរដ្ឋចាស់ខ្ពស់ពិតប្រាកដមែនឬអត់។ បើសិនបញ្ហានេះជារឿងពិត សម្ដេច ថា ក្រសួងផែនការ គួរគិតគូរតុល្យភាពប្រជាសាស្ត្រកម្រិតណា កុំចាំដល់ឆ្នាំ២០៥០ ស្របពេលប្រទេសមានបានធូរធា គ្មាននរណាចង់បានកូនទៀតទេ ព្រោះត្រូវចំណាយច្រើនសម្រាប់ការចិញ្ចឹមបីបាច់ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner