ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា អនុស្សរណៈរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជានឹងជំរុញការនាំចេញដំឡូងមីស្ងួតទៅកា​ន់ប្រទេសចិនដោយផ្ទាល់បន្ថែមទៀត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងថា ការចុះហត្ថលេខា លើអនុស្សរណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុនចិន Artwell Tapioca Limited និងក្រុមហ៊ុន ID Capital PLC និងក្រុមហ៊ុន Advance Digital World Trade តំណាងភាគីកម្ពុជា នាពេលថ្មីៗនេះ នឹងជំរុញការនាំចេញដំឡូងមីស្ងួតដោយផ្ទាល់ទៅ​កាន់ប្រទេសចិនបន្ថែមទៀត។

​ពិធីចុះហត្ថលេខា លើអនុស្សរណ:នៃការយោគយល់ ស្តីពីការសហការជាយុទ្ធសាស្រ្តរវាងក្រុមរវាងក្រុមហ៊ុនទាំងបីនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងណាននីង ប្រទេសចិន ដែលមា​នលោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាសាក្សីនៃពិធីចុះហត្ថលេខានេះ។

​គោលបំណងសំខាន់នៃការចុះហត្ថលេខា​​នេះ គឺ​ដើម្បីនាំចេញដំឡូងមីស្ងួតទៅកាន់ប្រទេសចិនក្នុងរយៈពេ​លប្រាំបីឆ្នាំ ដែលការនាំចេញដំឡូងមីត្រូវបានបែងចែកចេញជាបីដំណាក់កាល។ នេះបើយោងតាមទំព័រហ្វេសប៊ុកក្រសួង​ពាណិជ្ជកម្ម នៅថ្ងៃទី​១៨ ខែកញ្ញា។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងបន្ថែមនាថ្ងៃទី​១៨ ខែកញ្ញាថា កិច្ចព្រមព្រៀងសំខាន់ៗចំនួន២ បានជំរុញឱ្យក្រុមហ៊ុនបង្កើនការទិញដំឡូងមីដោយផ្ទា​ល់ពីកម្ពុជា រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។កាលពីមុន ការនាំចេញដំឡូងមីរបស់កម្ពុជាទៅចិន តែងធ្វើឡើងតាមរយៈ​ប្រទេស​ថៃ និងវៀតណាមជាដើម ដោយការនាំចេញតាមប្រទេសជិតខាងទាំងនេះ ធ្លាប់ជួបបញ្ហាច្រើនទាក់ទងនឹងតម្លៃនិ​ងទីផ្សារ។ លោកថា ​ក្រោយ​ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏សំខាន់ទាំងពីរនេះ បានជំរុញឱ្យមា​ន​ក្រុ​មហ៊ុនជាច្រើនមកចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម ដើម្បីទទួលបានការអនុញ្ញាត នាំចេញដំឡូវមីស្ងួតដោ​​យផ្ទាល់ទៅកាន់ប្រទេសចិន។​

លោក សុវិជាតិ បានបញ្ជាក់ថា ៖ «កម្ពុជាយើងមានដីសមស្របសម្រាប់ការដាំដុះដំណាំដំឡូងមីនេះ ធ្វើឱ្យក្រុមហ៊ុនចិន ជាច្រើនមានបំណងចង់ទិញដំឡូងមីដោយផ្ទាល់ពីយើង ស្របពេលដែលកសិករយើងក៏មានការយល់ដឹងពីការរក្សាគុណភាពដំឡូងមីរបស់ខ្លួនផងនោះ ច្បាស់ណាស់​ធ្វើឱ្យការនាំចេញដំឡូងមីស្ងួតដោ​យផ្ទាល់ទៅចិន មានកំណើនជាបន្តបន្ទាប់​»។

លោកបានបន្ថែមថា ក្រុមហ៊ុនចិនដែលទិញដំឡូងមីពីកម្ពុជាទៅភាគច្រើនយកទៅកែច្នៃជាម្សៅដំឡូងមី,អេ​តាណុល ជាដើម ដោយសារដំឡូងមីរបស់កម្ពុជា មានគុណភាពល្អ មានកំហាប់ម្សៅខ្ពស់ ធ្វើឱ្យការកែច្នៃ​របស់មានផលចំណេញខ្ពស់ដែរ។

លោកថ្លែងថា ៖ «យើងមានក្តីសង្ឃឹមខ្ពស់ណាស់ចំពោះផលិតផលដំឡូងមីនេះ បន្ទាប់ពីអង្ករ ស្វាយចន្ទី ដំ​ឡូ​ងមីនេះហើយ ដែលយើងរំពឹងថា អាចច្បាមយកទីផ្សារធំៗ ដែលមិនត្រឹមប្រទេសចិននោះទេ នៅមានបណ្តា​ប្រទេសមួយចំនួនទៀតផងដែរ។ បើទោះជាទីផ្សារមានភាពប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ ក៏យើ​ងមានទីផ្សារផ្សេងទៀតដែរ»។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីកម្ពុជា បានប្រាប់ឱ្យដឹងដែរ​ថា កន្លងទៅថ្មីៗ មានក្រុមហ៊ុ​នចិន បានមកចចារទិញដំឡូងមីពីខាងសមាគមដែរ តែមិនជោគជ័យទេ ដោយសារតែក្រុមហ៊ុនមានកា​រតម្រូវលក្ខខណ្ឌស្តង់ដារបច្ចេកទេសខ្ពស់ ប៉ុន្តែតម្លៃទាបជាងការលក់នៅក្នុងស្រុក។

លោកបានបញ្ជាក់ថា ៖ «​តាមពិតទៅការលក់ទៅឱ្យចិនដោយផ្ទាល់គឺយើងចំណេញ ប៉ុន្តែដោយ​សារចិនគេទាមទារឱ្យយើងមានការអនុវត្តស្តង់ដារខ្ពស់ ដែលទាមទារឱ្យមានការចំណាយដើមទុនច្រើនដើ​ម្បីវិនិយោគ ។ដូចនេះយើងមិនមានដើមទុននោះទេ។ខ្ញុំយល់ថា បើសិនជាមានក្រុមហ៊ុនវិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កែច្នៃដំឡូងមី ក៏ដូចជាផ្នែកបច្ចេកទេស នោះទើបនាំឱ្យការនាំចេញទៅចិនដោយផ្ទាល់ចំ​ណេញបានច្រើន»។

បើតាមប្រធានសមាគមកសិករដំឡូងមីកម្ពុជា នៅឆ្នាំនេះ​ ការដាំដុះដំឡូងមីមានការថយចុះប្រមាណ២០ភាគរយទៅ៣០ភាគរយ នៅទូទាំងប្រទេស ដោយហេតុថា អាកាសធាតុរាំងស្ងួតពេកបណ្តាលឱ្យងាប់ពូជដែលកសិករបានរក្សា​ទុកដាំបន្ត​នោះមាន​ច្រើន​ ខណៈដែលពូជដែលលក់នៅលើទីផ្សារក៏មានការឡើងថ្លៃផងដែរ។

របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញដែរ​ថា នៅក្នុងរយៈពេលប្រាំបីខែ ឆ្នាំ២០​២​៣នេះ ការនាំចេញចំណិតដំឡូងមីក្រៀម មានបរិមាណជាង ៩៦ ម៉ឺនតោន ថយចុះជាង ៤០ ភាគរយ,ដំឡូងមីស្រស់ ជាង ៧២ ម៉ឺនតោន ថយចុះជាង២៤ភាគរយ, ម្សៅដំឡូងមី ជាង២៤ពាន់តោន ថយចុះជាង៥២ភាគរយ និង​កាកសំណល់ដំឡូងមី ជាង៦ម៉ឺនតោន កើនឡើង៦៧៥ភាគរយ បើធៀបនឹងរយៈពេ​លដូចគ្នាក្នុងឆ្នាំ២០២២៕

​ដោយ៖វណ្ណ សុជាតា

ads banner