អគ្គនាយកដ្ឋានកែប្រែរបស់ថៃ៖ លោក ថាក់ស៊ីន មិនទាន់មានសិទ្ធិនៅក្រៅឃុំទេ

បាងកក៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានកែប្រែបាននិយាយ កាលពីថ្ងៃចន្ទ សប្តាហ៍នេះថា អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានកាត់ទោសនោះ នៅមិនទាន់មានសិទ្ធិនៅក្រៅឃុំនៅឡើយទេ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានកែប្រែ លោក Sitthi Sutheewong បានច្រានចោលថា «របាយការណ៍មិនពិត» ដែលថា លោក ថាក់ស៊ីន ត្រូវបានកាត់បន្ថយការជាប់ពន្ធនាគារពីប្រាំបីឆ្នាំ ទៅមួយឆ្នាំ ហើយនឹងដាក់សំណើ សុំឱ្យមានការដោះលែង ដោយលើកឡើងពីកត្តាអាយុរបស់លោក និងស្ថានភាពជំងឺធ្ងន់ធ្ងរ។

ប្រភពបន្តថា បើទោះបីជាលោក ថាក់ស៊ីន អាចសមស្របនឹងទម្រង់ នៃអ្នកដែលអាចស្នើសុំការដោះលែង លោកត្រូវតែជាប់ពន្ធនាគារយ៉ាងហោចណាស់ មួយភាគបី នៃការជាប់ពន្ធនាគារឬយ៉ាងហោចណាស់ ប្រាំមួយខែ (មួយណាយូរជាងនេះ) ដូចដែលបានកំណត់ដោយច្បាប់។

លោក Sutheewong បាននិយាយថា បច្ចុប្បន្ន លោក Thaksin គឺទើបតែស្ថិតក្នុងខែដំបូង នៃការជាប់ពន្ធនាគាររបស់លោកប៉ុណ្ណោះ។

«មួយភាគបីនៃរយៈពេលជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ របស់លោក គឺ ៤ខែ ប៉ុន្តែច្បាប់ចែងថា ពេលវេលានៃការអនុវត្តទោស ត្រូវតែមានយ៉ាងហោចណាស់ ប្រាំមួយខែ។ ដូច្នេះ ថាក់ស៊ីន ត្រូវអនុវត្តប្រាំខែទៀត មុននឹងមានសិទ្ធិដាក់ពាក្យសុំនៅក្រៅឃុំ»។

លោក Sutheewong បាននិយាយថា «ប្រសិនបើទទួលបានការដោះលែង លោក ថាក់ស៊ីន អាចនឹងមានសេរីភាពម្តងទៀត នៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។

គិតត្រឹមថ្ងៃចន្ទ សប្តាហ៍នេះ លោក ថាក់ស៊ីន បានស្ថិតនៅក្នុងមន្ទីរពេទ្យប៉ូលីស អស់រយៈពេលជិត ៣០ ថ្ងៃ ដូច្នេះ ក្រុមគ្រូពេទ្យរបស់លោកត្រូវបានតម្រូវឱ្យបញ្ជូន «ការវាយតម្លៃសុខភាព» របស់លោក ទៅកាន់អគ្គនាយកដ្ឋានកែប្រែនិងពន្ធនាគារដើម្បីពិនិត្យ។

លោក Sutheewong បាននិយាយទៀតថា អគ្គនាយកដ្ឋានកែប្រែនឹងផ្អែកទៅលើការសម្រេចចិត្តរបស់ខ្លួនថា តើត្រូវអនុញ្ញាតឱ្យលោក Thaksin បន្តទទួលការព្យាបាលនៅខាងក្រៅពន្ធនាគារ តាមការយល់ឃើញរបស់វេជ្ជបណ្ឌិត ឬយ៉ាងណា៕ ប្រភពពី Thai PBS World ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner