តំបន់សេដ្ឋកិច្ចពិសេសភ្នំឆ័ត្រខេត្តបន្ទាយមានជ័យ បង្ហាញគម្រោងវិនិយោគជាច្រើន ក្នុងជំនួបវិនិយោគិនធុរកិច្ចចិន កម្ពុជា

(បន្ទាយមានជ័យ)៖ គម្រោងតំបន់សេដ្ឋកិច្ចពិសេសភ្នំឆ័ត្រនាផ្លូវជាតិលេខ៥៨ ព្រំដែនកម្ពុជា ថៃ ក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានលើកមកបង្ហាញ ក្នុងជំនួបរវាងវិនិយោគិនធុរកិច្ចចិន និងកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។

ការណ៍នេះ ត្រូវបានលើកឡើងក្នុងពិធីស្វាគមន៍ការមកដល់របស់គណ:ប្រតិភូធុរកិច្ច ចិន ប្រមាណ ៧០នាក់ នៃក្រុមហ៊ុនផ្សេងៗគ្នា ដោយ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក សេង ស៊ីណារិន ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកស្រី សេង ពេជ្របញ្ញា អគ្គនាយិកា ,លោក ហេង ទី ទីប្រឹក្សា នៃក្រុមហ៊ុនខេមរិន្ទ ឌឺវែលឡូបម៉ិន ព្រមទាំងមានមន្ត្រី និងវិនិយោគិនថៃ មកពីខេត្តស្រះកែវ និងស្រុកនានាបានចូលរួមដែរ ។

លោក ប៉េង ហាយហ្កាង (PengHuaigang)តំណាងអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិចវ៉ាន់យូ(Wanyou Electrinic Technology )ខេត្តក្វាងទុង និងលោកយ៉ាង ហ្ស៊ុងចាវ (Yang Zongchao) តំណាងវិនិយោគិនធុរកិច្ចចិន បានថ្លែងស្រដៀងគ្នាថា៖ យុទ្ធសាស្ត្រ”ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ”របស់លោកស៊ី ជិនពីង ប្រធានាធិបតីចិន ក៏ទទួលបានការគាំទ្រនិងធ្វើកិច្ចសហប្រតិបត្តិការពីកម្ពុជានិងប្រទេសនានាក្នុងតំបន់និងក្នុងពិភពលោកព្រោះបានសម្រេចនូវគោលដៅអភិវឌ្ឍន៍និងមានផលប្រយោជន៍ ។

លោកប៉េង បានបន្តថា : វិនិយោគិនធុរកិច្ចចិនដែលអញ្ជើញមកនេះរួមមាន :ក្រុមហ៊ុនកសិកម្ម Zhuhai Golden Oasis Agriculture ,ក្រុមហ៊ុនថាមពល Zhuhai Sun Brothers Green Energy, ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិចវ៉ាន់យូ(Wanyou Electrinic Technology )…មកពីខេត្តក្វាងទុង ។

លោក ប៉េង បានបន្តថា ៖ នាឆ្នាំចុងក្រោយថ្មីនេះ ក្រុមហ៊ុនទាំងនេះ បានឃើញសក្តានុពលដ៏ធំនៃទីផ្សារកម្ពុជានិងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគបរទេសមកជម្រុញការអភិវឌ្ឍនួសេដ្ឋកិច្ច ។ ហេតុនេះជំនួបនេះនឹងផ្តល់នូវឱកាសសម្រាប់វិនិយោគិនក៏ដូចធុរជនចិនសម្រាប់គម្រោងវិនិយៅគរបស់ពួកគេ ។

ក្នុងនោះមាន ទី១-គម្រោងសហគ្រាសឧទ្យានដ៏ធំនៅកម្ពុជាដែលរួមមាន ការស្រាវជ្រាវវិទ្យាសាស្ត្រ ការផលិតគ្រឿងអេឡិចត្រូនិច កសិកម្ម ថាមពលបៃតង ដែលផលិតផលទាំងនោះនឹងអាចប្រកួតប្រជែងឈ្នះទីផ្សារ ។
ទី២- គម្រោងវិនិយោគលើវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ។
ទី៣-វិនិយោគលើវិស័យកសិកម្មវាលស្មៅបៃតង ពាណិជ្ជកម្មគ្រាប់ធញ្ញជាតិ ថាមពលស្អាតថ្មីនិងការការពារបរិស្ថាន។
ក្នុងនោះ ក្រុមហ៊ុននឹងអនុវត្តតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជាលើគម្រោងថាមពលស្អាត ថាមពលកកើតឡើងវិញ ។

លោក ហេង ទី បានអោយដឹងថា ៖ ក្រុមហ៊ុនខេមរិន្ទមានផ្ទៃដីហើយស្រេចទំហំ ២០៥ហិចតា លើដីបម្រុងទុក ៦៥០ហិចតានៅគម្រោងតំបន់សេដ្ឋកិច្ចពិសេសភ្នំឆ័ត្រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាទីដែលភាគីកម្ពុជា ថៃនឹងបើកច្រកព្រំដែនតំបន់ថ្មីមួយ និងមានហេដ្ឋារចនាសម្ព័ន្ធសមស្រប សម្រាប់ផ្តល់ជាទីតាំងដល់វិនិយោគិនពិនិត្យឱកាសវិនិយោគ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ៖ គម្រោងបើកច្រកតំបន់ថ្មីមួយរវាងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យនិងស្រុកតាប្រ៉ាយ៉ាខេត្តស្រះកែវ នេះភាគីទាំងពីរបានចុះសិក្សា ជួបប្រជុំពិភាក្សានិងធ្វើរបាយការណ៍សំណើទៅដល់ក្រសួងមហាផ្ទៃនៃប្រទេសរៀងៗខ្លួនហើយ ។

ឯកឧត្ដម អ៊ុ រាត្រី បានបន្តថា ៖ ខេត្តបន្ទាយមានជ័យមានព្រំដែនជាប់នឹងប្រទេសថៃជាង ១៥៤ គីឡូម៉ែត្រ ទល់នឹងស្រះកែវនិងខេត្តបូរីរ៉ាំ ក្នុងនោះ រវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ។ ខេត្តមានច្រកព្រំដែនអន្តរជាតិចំនួន២ គឺ ច្រកព្រំដែនអន្តរជាតិចាស់ប៉ោយប៉ែត-ខ្លងលឹក នៅក្រុងប៉ោយប៉ែត និងស្រុកអារញ្ញប្រាថេត, ច្រកព្រំដែនអន្តរជាតិថ្មីស្ទឹងបត់-បានណងអៀន នៅក្រុងប៉ោយប៉ែត និងស្រុកអារញ្ញប្រាថេត។ ដោយឡែកយើងមានច្រកតំបន់ព្រំដែនចំនួន២ គឺច្រកព្រំដែនតំបន់ម៉ាឡៃ-ណងព្រឺ នៅស្រុកម៉ាឡៃ និងស្រុកអារញ្ញាប្រាថេត ។ ច្រកតំបន់ព្រំដែនបឹងត្រកួន-តាប្រ៉ាយ៉ា នៅស្រុកថ្មពួក និងស្រុកតាប្រ៉ាយ៉ា ។ ទន្ទឹមនេះ ក៏មានគម្រោងបើកច្រកព្រំដែនតំបន់ ៤៣-ណូនម៉ាក់មុន នៅស្រុកអូរជ្រៅ និងស្រុកគោកធ្យូង, ច្រកព្រំដែនតំបន់ភ្នំឆ័ត្រ នៅស្រុកស្វាយចេក និងស្រុកតាប្រ៉ាយ៉ា។ រវាងខេត្តបន្ទាយមានជ័យ និងខេត្តបូរីរ៉ាំ ក៏គ្រោងបើកច្រកព្រំដែនតំបន់ថ្មីមួយ ច្រកជួរភ្នំដងរែក ត្រង់បង្គោលព្រំដែនលេខ២៧ នៅស្រុកថ្មពួក និងស្រុកឡាក់ហានសាយ ផងដែរ ។

ឯកឧត្ដមបន្តថា ក្នុងខេត្ត មានរួចហើយនូវតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ និងសួនឧស្សាហកម្មចំនួន ១ ។ ខេត្តក៏មានសក្តានុពលលើច្រើនវិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ហើយ ខេត្តបន្ទាយមានជ័យ រួមជាមួយ ខេត្តបាត់ដំបង ពោធិសាត់ ប៉ែលិន ក៏ស្ថិតក្នុងជម្រើសបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិនស៊ី ជិនពីង ៕

ដោយ៖ឃិន គន្ធា

ads banner