កីឡាការិនីគុនខ្មែរ រុន សុខគីម ព្យាយាមហ្វឹកហាត់ ដើម្បីប្រែក្លាយពីពាក្យ សំដីមើលងាយទៅជាការលើកសសើរវិញ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កីឡាការិនីល្បុក្តតោ រុន សុខគីម ដែលកំពុងតែឈោងចាប់យកអាជីពប្រដាល់គុនខ្មែរមួយទៀត ត្រៀមឡើងសង្វៀនគុនខ្មែរនៅចុងខែ កញ្ញា ឆ្នាំ២០២៣ខាងមុខនេះ បាននឹងកំពុងដាក់ចិត្តដាក់កាយខិតខំហ្វឹកហាត់យ៉ាងខ្លាំងនៅក្លិបប្រដាល់ខេមបូឌាថបធីម។

កីឡាការិនីវ័យ១៨ឆ្នាំមកពីខេត្តព្រៃវែងរូបនេះ បានរៀបរាប់ថា កក្តាដែលជំរុញឲ្យចិត្តរបស់នាងងាកមកបន្ថែមជំនាញគុនខ្មែរមួយទៀតបន្ថែមលើក្បាច់គុនល្បុក្តតោ ព្រោះ នាងចង់ក្លាយជាចំណែកមួយជួយលើកស្ទួយតម្លៃស្រ្តីក្នុងវិស័យគុនខ្មែរ។

នាងអះអាងថា ការបោះជំហានមកកាន់អាជីពជាកីឡាការិនីគុនខ្មែរ អស់រយៈពេលជាច្រើនខែកន្លងមកនេះ នាងទទួលបានការលើកសសើរក៏មាននិងពាក្យរិះគន់មើលងាយពីមិត្តភ័ក្កិក៏មាន រហូតពេលខ្លះដល់ពេលខ្លះនាងចង់បោះបងអាជីពមួយនេះផងដែរ។ ប៉ុន្តែអ្វីដែលបានជួយឲ្យនាងមានទឹកចិត្តងាកមកប្រឹងប្រែងហ្វឹកហាត់ឡើងវិញ គឺពាក្យលើកទឹកចិត្តពីឱពុកម្តាយរបស់នាង ដែលធ្លាប់តែជំទាស់រារាំងក្នុងអាជីពមួយនេះ លើកទឹកចិត្តដល់នាងឲ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីជោគជ័យលើវិថីដែលនាងចិត្ត។

រុន សុខគីម បានប្តេជ្ញាថា នាងនឹងខិតខំហ្វឹកហាត់អភិវឌ្ឍសមត្ថភាព ដើម្បីឲ្យប្រកួតដំបូងរបស់នាងទទួលបានជ័យជំនះ និងបន្តបោះជំហានទៅរកជោគជ័យជាបន្តបន្ទាប់ទៀតក្នុងការបោះជំហានទៅកាន់ការប្រកួតនៅអន្តរជាតិនាពេលខាងមុខផងដែរ។ នាងនឹងធ្វើឲ្យពាក្យដែលមិត្តភ័ក្កិធ្លាប់តែនិយាយមើលងាយនាងប្រែក្លាយទៅជាពាក្យនិយាយសសើរនិងលើកទឹកចិត្តនាងពេលជួបនាងនៅស្រុកកំណើត។

សូមជម្រាបថា កីឡាការិនី រុន សុខគីម នាងជាអ្នកខេត្តព្រៃវែង នាងមានអាយុ១៨ឆ្នាំ ជាកូនច្បងក្នុងគ្រួសារក្នុងចំណោមបងប្អូនប្រុសស្រី៣នាក់ នាងរៀនបានត្រឹមថ្នាក់ទី៨ នាងបានមកហ្វឹកហាត់គុនខ្មែរ ដោយជ្រកកោណក្នុងក្លិបខេមបូឌាថប់ធីមរបស់ លោកគ្រូ ហ៊ុន ចាន់រាជ្យ ក្រៅពីម៉ោងហ្វឹកហាត់នាងជួយមើលការខុសត្រូវក្លិប ។ បំណងប្រាថ្នាប្រឡុកក្នុងវិថីគុនខ្មែរនេះ គឺសង្ឈឹមថា នឹងប្រើប្រាស់សមត្ថភាពធ្វើខ្លួនល្បីល្បាញ ដើម្បីទទួលបានប្រាក់ចំណូលយកមកជួយទ្រទ្រង់គ្រួសារធ្វើឲ្យជីវភាពធ្លាប់តែក្រលំបាកប្រែក្លាយជាធូធានៅពេលអនាគត៕

រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner