ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
(តាកែវ)៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យគ្រប់ក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអបអរដោយមោទនភាពដែលប្រាសាទកោះកេរ បានចុះបញ្ជីជាសម្បត្តិបតិកភណ្ឌពិភពលោក។
សម្ដេចធិបតី បញ្ជាក់ថា មិនថាបក្សណា ឬបក្សណាទេ ក្នុងនាមជាកូនខ្មែរ ពេលអ្វីជាការលើកតម្កើងកិត្តិយសជាតិ យើងត្រូវរួមគ្នា។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-19_12-19-23-1024x576.jpg)
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យមានការផ្សព្វផ្សាយព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ ខណៈពេលរសៀលថ្ងៃទី២០ ខែកញ្ញា សម្ដេចធិបតី នឹងចូលរួមព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានព្យាយាមជាច្រើនឆ្នាំក្នុងការដាក់បញ្ជូលតំបន់ប្រវត្តិសាស្ត្រមួយនេះ។
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-19_12-19-24-1024x576.jpg)
សម្ដេចអធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញទៅដល់ពលរដ្ឋឲ្យចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ ដោយចូលរួម ទូងស្គរ គោះខ្មោះ ធ្វើអ្វីក៏ដោយឲ្យចេញជាសំឡេង ដើម្បីបអរសាទរ នៅព្រឹកម៉ោង៧ ថ្ងៃទី២០ ខែកញ្ញា ខណៈនៅពេលល្ងាច នឹងមានព្រឹត្តិការណ៍ធំផងដែរ ។ សម្ដេចថា ការធ្វើបែបនេះ គឺដើម្បីបង្ហាញពីមោទនភាព និងអរគុណជូនចំពោះដូនតាកម្ពុជា ដែលបានកសាងនូវទឹកដី ប្រាសាទបុរាណ និងប្រវត្តិសាស្ត្ររបស់កម្ពុជា ឲ្យមានរហូតមកដល់បច្ចុប្បន្ន ៕
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-19_12-19-25-1024x576.jpg)
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ