សមត្ថកិច្ចប៉ូលិស ចាប់ផ្តើមឱ្យពង្រឹងអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស
ភ្នំពេញ៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនបានកំណត់នូវការចាប់ផ្តើមឡើងវិញពីការរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកស្របពេលដែលអង្គការជំនាញផ្នែកចរាចរណ៍គំាទ្រចំពោះវិធានការរឹតបន្តឹង ការអនុវត្តនេះដើម្បីជួយកាត់បន្ថយការស្លាប់ និងរងរបួសពីគ្រោះថ្នាក់លើដងផ្លូវនេះ។
យោងតាមសេចក្តីប្រកាសរបស់អធិការដ្ឋានគរបាលក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១៨ ខែកញ្ញាថា ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះតទៅ អធិការដ្ឋាននេះនឹងចាប់ផ្តើមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ។
ការប្រកាសបានបញ្ជាក់ថា ៖ «ចាប់ពីថ្ងៃទី១៨ ខែកញ្ញា តទៅ នឹងផ្តោតលើចំពោះតែយានយន្តដែលប្រព្រឹត្តល្មើស ជាករណីល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ មិនមែនជាការត្រួតពិនិត្យទូទៅដូចការត្រួតពិនិត្យរដ្ឋបាលនោះទេ»។
អធិការដ្ឋានគរបាលក្រុងតាខ្មៅ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយស្មារតីភ្ញាក់រលឹក និងទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។
ចំណែក ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏បានចេញសេចក្តីជូនដំណឹងផងដែរកាលពីថ្ងៃទី១៨ ខែកញ្ញា ស្តីពីការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយស្នងការខេត្តនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ តទៅ។
សេចក្តីជូនដំណឹង បានលើកឡើងថា ដោយសង្កេតឃើញករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រៃវែង មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ មានការកើនឡើង ៦៨ករណី លើ ១២ករណី កើនឡើង ៥៦ករណី ស្មើនឹង ៤៦៧ភាគរយ បណ្តាលឲ្យមនុស្សស្លាប់ ២២នាក់ របួសធ្ងន់ស្រាល ៩៧នាក់ ធ្វើឱ្យខូចខាតរថយន្ត ២៦គ្រឿង ម៉ូតូ ៧៩គ្រឿង និងសម្ភារៈជាច្រើទៀត។
ទាំងនេះជាក្តីបារម្ភមួយរបស់នគរបាលខេត្តព្រៃវែង បន្ទាប់ពីបានផ្អាកការអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកមក។
សេចក្តីជូនដំណឹងបន្តថា ៖ «ដូចនេះ ដើម្បីលើកកម្ពស់ស្មារតីគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត ទ្រព្យសម្បត្តិ កាត់បន្ថយអត្រាអ្នកស្លាប់ អ្នករងរបួស ពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់ការប្រព្រឹត្តបទល្មើសផ្សេងៗលើដងផ្លូវ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សម្រេចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះតទៅ»។
ការចុះអនុវត្តការរឹតបន្តឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បញ្ជាក់ថា សមត្ថកិច្ចនឹងផ្តោតលើមុខសញ្ញាបីសំខាន់ៗសម្រាប់ការរឹតបន្តឹងក្នុងនោះមាន៖ អ្នកបើកបរលើសល្បឿនកំណត់ អ្នកបើកបរមានសារធាតុញៀន និងអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអំពាវនាវថា ៖ «សូមប្រជាពលរដ្ឋដែលប្រើប្រាស់មធ្យោបាយម៉ូតូ សូមពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយឱ្យបានត្រឹមត្រូវ រីឯអ្នកបើកបររថយន្ត ត្រូវមានប័ណ្ណបើកបរ ពាក់ខ្សែក្រវ៉ាត់ កុំដឹកទំនិញសំពីងសំពោង កុំកែឆ្នៃរថយន្តខុសបច្ចេកទេស និងសូមប្រើប្រាស់ល្បឿនតាមការកំណត់ ដែលមានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោក»។
សូមរម្លឹកដែរថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពង្រឹងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។
ឯកឧត្តមឧ្តមសេនីយ៍ទោ ជួន ណារិន្ទ បានលើកឡើងនាពេលនោះថា ការពង្រឹងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅគ្រាដែលអត្រាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋគួរឱ្យព្រួយបារម្ភ»។
ទាក់ទងនឹងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍នេះដែរ លោក គឹម បញ្ញា នាយកអង្គការមូលនិធីបង្ការរបួសអាស៊ី (AIP) ប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា បានសម្តែងការគំាទ្រចំពោះវិធានការរឹតបន្តឹងការអនុវត្តច្បាប់ចចារណ៍ផ្លូវគោកនេះ ដែលនេះជាវិធានការមួយមានប្រសិទ្ធិភាពខ្ពស់បំផុតមួយ ក្នុងការជួយកាត់បន្ថយការស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
ទោះជាយ៉ាងណា លោកក៏ស្នើសុំឱ្យសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ ផ្តោតជាសំខាន់លើការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់ ការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការនិយាយទូរសព្ទពេលបើកបរ ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការមិនគោរពអាទិភាពជាដើម។
លោក គឹម បញ្ញា ក៏ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តវិធានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ឱ្យបានទូលំទូលាយ និងជាប់លាប់នៅតាមទីតាំងដែលមានហានិភ័យខ្ពស់ដោយអនុវត្តទាំងថ្ងៃ និងយប់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការស្លាប់ និងរងរបួសគ្រោះថ្នាក់ចរាចរណ៍ បានយូរអង្វែង។
ចំនួនទឹកប្រាក់ផាកពិន័យពេលរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានចែងថា ចំពោះទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្តសណ្តោងរ៉ឺម៉ក និងម៉ូតូកង់បួន ការផាកពិន័យមានចាប់ពី៦ម៉ឺនរៀល ដល់១លានរៀល។
ចំណែកយានយន្តធុនស្រាល និងយានយន្តធុនធ្ងន់ ចំនួនទឹកប្រាក់ដែលត្រូវផាកពិន័យមានចាប់ពី១២ម៉ឺនរៀល ដល់ជាង ២ លានរៀល៕
ដោយ៖គឹម យុត្ថារ៉ូ




