នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ពលករខ្មែរនៅកូរ៉េ រឿងតម្លៃសេវាធ្វើលិខិតឆ្លងដែន មិនឡើងថ្លៃទេ ហើយរាជរដ្ឋាភិបាល នឹងខិតខំសម្រួលឱ្យកាន់តែរហ័ស

(តាកែវ)៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្រាប់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង សូមកុំបារម្ភរឿងតម្លៃសេវាធ្វើលិខិតឆ្លងដែន គឺមិនឡើងថ្លៃទេ ហើយរាជរដ្ឋាភិបាល នឹងខិតខំសម្រួលឱ្យកាន់តែរហ័ស។

សម្ដេចធិបតី បានលើកឡើងថា មានប្រជាពលរដ្ឋ ក៏ដូចជាពលករខ្លះ បានបង្ហាញការព្រួយបារម្ភចំពោះតម្លៃសេវាធ្វើលិខិតឆ្លងដែន ឬបន្តសុពលភាពលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េផ្ទាល់នោះ (នៅស្ថានទូតកម្ពុជា) អាចឡើងថ្លៃជាងមុនទ្វេគុណ គួបផ្សំនឹងការរិះគន់ញុះញង់ពីសំណាក់ក្រុមប្រឆាំងផងដែរ។
សម្ដេច ថា ថ្លៃសេវាអត់មានគុណជាពីរនោះទេ គ្រាន់តែអស់ថ្លៃផ្ញើបន្តិចបន្តួចប៉ុណ្ណោះ ព្រោះការបំពេញបែបបទស្នើសុំ (Apply) និងកិច្ចការមួយចំនួនទៀត គឺធ្វើតាម Online ដូច្នេះសូមបងប្អូននៅកូរ៉េខាងត្បូងកុំព្រួយបារម្ភរឿងថ្លៃឡើងគុណជាពីរឱ្យសោះ មិនដូចការរិះគន់របស់ក្រុមប្រឆាំងនោះឡើយ។

សម្ដេចធិបតី ក៏បានណែនាំដល់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពិភាក្សាជាមួយក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធ ដើម្បីរៀបចំលើការស្នើសុំបន្តសុពលភាពលិខិតឆ្លងដែនរបស់ពលករខ្មែរនៅកូរ៉េខាងត្បូងឱ្យកាន់តែងាយស្រួល និងកាត់បន្ថយការចំណាយឱ្យទាបជាងមុន។

សម្ដេចបន្តថា ក្រសួង ស្ថាប័ន អគ្គនាយកដ្ឋាន ស្ថានទូតកម្ពុជា មន្ត្រីបច្ចេកទេសជំនាញជាដើម ក៏ត្រូវរួមគ្នាគិតគូរទាំងពេលវេលាឱ្យលឿនរហ័សជាងមុន ព្រោះជូនកាលពលករខ្លះជិតដល់ពេលចូលធ្វើការ ឬជិតផុតសុពលភាពលិខិតឆ្លងដែនជាដើម ប្រសិនបើមិនពន្លឿនធ្វើជូនពួកគាត់នោះទេ ពួកគាត់អាចនឹងក្លាយទៅជាអ្នកស្នាក់ប្រទេសគេខុសច្បាប់ ដូច្នេះត្រូវផ្ដល់សេវាប្រកបដោយកាតយកចិត្តទុកដាក់ ពន្លឿនការងារឱ្យបានឆាប់រហ័ស សម្របសម្រួលជូនពួកគាត់ឱ្យអស់លទ្ធភាព ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួយសម្របសម្រួលជូនពលករខ្មែរយើងផង ប្រសិនបើលើសខ្វះអ្វីបន្តិចបន្តួចជាមួយភាគីកូរ៉េ ពិសេសក៏ត្រូវជួយសម្របសម្រួលក្នុងការបំពេញបែបបទ របស់ពលករខ្មែរនៅទីនោះផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែរនាំឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ត្រូវទទួលខុសត្រូវលើការងារគ្រប់គ្រងទិន្នន័យ ព្រោះការងារអត្តសញ្ញាណកម្ម និងលិខិតឆ្លងដែននេះក៏ពាក់ព័ន្ធនឹងសន្តិសុខជាតិផងដែរ ។ ទាំងនេះហើយ គឺជាឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការជួយប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទាំងការបង្កើតឱកាសការងារក្នុងស្រុក ការស្វែងរកការងារនៅក្រៅប្រទេស ដើម្បីជួយឱ្យប្រជាពលរដ្ឋបង្កើនប្រាក់ចំណូល ព្រមទាំងសម្រួលបែបបទផ្លូវច្បាប់ជូនប្រជាពលរដ្ឋផងដែរ ពិសេសគឺពលករខ្មែរដែលទៅធ្វើការនៅក្រៅប្រទេស ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត ,
សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner