សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ប្រកាន់ជំហរអធិបតេយ្យភាព និងឯករាជ្យភាព «កម្ពុជាចេះគិតហើយ» មិនឲ្យអនាគតកូនចៅខ្មែរ រស់នៅក្រោមរណបបរទេសណានោះឡើយ

(តាកែវ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា កម្ពុជា ប្រកាន់ជំហរអធិបតេយ្យភាព និងឯករាជ្យភាព «កម្ពុជាចេះគិតហើយ» ដោយមិនឲ្យអនាគតកូនចៅខ្មែរ រស់នៅក្រោមរណបបរទេសណានោះឡើយ ។ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។

សម្ដេចធិបតី បានថ្លែងបែបនេះបន្ទាប់ពីមានអ្នកខ្លះលើកឡើងថា ទំនាក់ទំនងជាមួយប្រទេសចិន នឹងធ្វើឲ្យកម្ពុជា ថ្ងៃណាមួយបាត់បងអធិបតេយ្យភាព។ ពាក់ព័ន្ធការលើកឡើងនេះ សម្ដេចបានតបវិញថា កម្ពុជា ចេះគិតហើយ ។

សម្ដេច មានប្រសាសន៍ដូច្នេះថា ខ្ញុំថា កម្ពុជា ចេះគិតហើយ ខ្ញុំមានកូន… កូនរបស់ខ្ញុំនឹងបង្កើតកូន ខ្ញុំនឹងមានចៅ ចៅទួត ចៅលួត ចៅលា រាប់សិបឆ្នាំតទៅមុខទៀត។ ខ្ញុំមិនចង់ឲ្យកូនខ្មែរខ្ញុំ ថ្ងៃណាមួយត្រូវបាត់អត្តសញ្ញាណ ឬមួយគេថា ជាជនជាតិខ្មែរ នៅក្រោមរណប (បរទេស) ណាមួយទេ មិនអាចធ្វើបានទេ! សម្ដេចតេជោ និងថ្នាក់ដឹកនាំយើងក៏ដូចគ្នា មិនឲ្យបាត់អធិបតេយ្យភាព ឯករាជ្យភាពឡើយ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កម្ពុជា ចូលប្រជុំជាមួយមិត្តបរទេស ក្នុងស្មារតីគោរពអធិបតេយ្យ និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ស្មើមុខស្មើមាត់ មិនថាប្រទេសតូចប្រទេសធំ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ប្រទេសតូចកម្ពុជា នៅអង្គុយទល់មុខប្រធានាធិបតីចិន ស៊ី ជីនពីង ទល់មុខប្រធានសភាចិន ទល់មុខនាយករដ្ឋមន្ត្រីចិន ជប៉ុន និងប្រធានាធិបតីកូរ៉េ ដើម្បីស្មើភាពគ្នា ចរចាក្នុងនាមជារដ្ឋអធិបតេយ្យភាពមួយ ដែលចេញទៅការពារផលប្រយោជន៍ប្រជាពលរដ្ឋ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត ,
សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner