ថៃជំរុញឱ្យបញ្ឈប់ការដុតជញ្រ្ជាំងស្រូវ បន្ទាប់ពីការបំពុលបរិយាកាសកើនឡើង
ថៃ៖ប្រធានសមាគមរោងម៉ាស៊ីនចំណីថៃ (TFMA) បាននិយាយកាលពីថ្ងៃចន្ទទី ១៨ ខែកញ្ញាថា ប្រទេសថៃត្រូវតែហាមឃាត់ការដុតកម្ទេចចោលនូវជញ្រ្ជាំងដោយកសិករ ដើម្បីបង្កើនគុណភាពខ្យល់ បន្ទាប់ពីការបំពុលបរិយាកាសដ៏គ្រោះថ្នាក់បានធ្វើឱ្យមនុស្សរាប់លាននាក់ត្រូវការព្យាបាលសុខភាព។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Pornsil Patcharintanakul ប្រធានសមាគម ដែលប្រតិបត្តិការក្រោមក្រសួងពាណិជ្ជកម្ម បាននិយាយថា ៖ «រដ្ឋាភិបាលគួរតែហាមឃាត់ការដុតដំណាំ ដែលជាវិធីសាស្រ្តអនុវត្តយ៉ាងទូលំទូលាយក្នុងចំណោមកសិករនៅក្នុងប្រទេសថៃ»។
គួរបញ្ជាក់ថា ថៃបានទទួលរងនូវគុណភាពខ្យល់អាក្រក់កាលពីដើមឆ្នាំនេះ ដោយកាលពីខែមេសា មានថ្ងៃខ្លះ ទីក្រុងបាងកក និងទីក្រុងភាគខាងជើងឈៀងម៉ៃ បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោក។ អាជ្ញាធរបានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងធ្វើការពីផ្ទះទៅ ពេលកំហាប់ភាគល្អិត PM2.5 ដែលអាចជ្រៀតចូលទៅក្នុងចរន្តឈាមរបស់មនុស្ស បានឈានដល់កម្រិតគ្មានសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ។
អាជ្ញាធរថៃនិយាយថា កត្តាដ៏ធំដែលជំរុញការកើនឡើងនៃកំហាប់ភាគល្អិតដ៏គ្រោះថ្នាក់នេះ គឺការដុតជញ្រ្ជាំងរបស់ប្រជាកសិករ ដើម្បីរៀបចំដីសម្រាប់ដាំដំណាំបន្ទាប់ ដោយរដូវដុតកើតមានច្រើនជាងគេនៅចន្លោះខែធ្នូ និងខែមេសា។
ដោយសារតែបញ្ហានេះ លោក Pornsil ជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ស្រេថា ថាវីស៊ីន ចាត់វិធានការឲ្យបានឆាប់ ព្រោះបញ្ហានេះមានភាពបន្ទាន់ ក្រោមហេតុផលថា ប្រជាជនថៃជាង២លាននាក់ បានស្វែងរកការព្យាបាលសុខភាពក្នុងឆ្នាំនេះ ដោយសារតែបញ្ហាទាក់ទងនឹងការបំពុលបរិយាកាស។
លោក Pornsil និយាយថា ប្រទេសថៃគួរតែអនុវត្តតាមគោលការណ៍ណែនាំកសិកម្មអន្តរជាតិ ដែលហាមមិនឱ្យដុតជញ្រ្ជាំងដំណាំកម្ទេចចោល។ លោកបន្តថា រយៈពេល៣ឆ្នាំគឺជាពេលវេលាជាក់ស្តែងដែលត្រូវហាមឃាត់ការអនុវត្តវិធីសាស្រ្តកសិកម្មបែបនេះ។
គួរកត់សម្គាល់ថា ការអំពាវនាវរបស់លោក Pornsil ធ្វើឡើងខណៈសហភាពអឺរ៉ុបចាប់ផ្តើមអនុវត្ត «យន្តការកែតម្រូវព្រំដែនកាបូន» (CBAM) របស់ខ្លួន ដោយគិតថ្លៃសម្រាប់ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលទាក់ទងនឹងការផលិតទំនិញនាំចូល។
រដ្ឋាភិបាលថ្មីរបស់លោក ស្រេថា បាននិយាយថា ការទប់ទល់នឹង PM2.5 គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ខ្លួន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលខ្លួនគ្រោងនឹងធ្វើនោះទេ៕
ប្រែសម្រួល៖ហួន ឌីណា