ឯកឧត្តម ហឿង សុផុន៖ រាជរដ្ឋាភិបាល បានផ្តល់ឱកាសជនពិការខ្សោយសតិបញ្ញា ចូលរួមក្នុងសកម្មភាពសង្គម

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣ នៅខេត្តព្រៃវែង ដើម្បីផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីជនខ្សោយសតិបញ្ញាចូលរួមលេងកីឡា។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានឱ្យដឹងថា ការប្រកួតនេះ ធ្វើក្នុងគោលបំណងគឺ ផ្តល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខ្សោយសតិបញ្ញាគ្រប់ទីកន្លែង បានជួបជុំគ្នាធ្វើការប្រកួតប្រជែង ដើម្បីចែករំលែកបទពិសោធន៍ ភាពសប្បាយរីករាយ ពីគ្នាទៅវិញទៅមក លើកកំពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការការរើសអើងផ្សេងៗនៅក្នុងសង្គម។

លោកអគ្គលេខាធិការ បន្តថា ការប្រកួតមិនមែន ដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីរឹតចំណាងមិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។ ជាពិសេសការប្រកួតនេះ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាចុងខែតុលាខាងមុខផងដែរ។

ឯកឧត្តម ហឿង សុផុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គកិច្ច បានមានប្រសាសន៍ថា ក្រសួង ក៏ដូចជាគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រឹងពង្រីកចលនាស្ប៉េស្យាល់ដល់បណ្តាខេត្តនានា ព្រមទាំងបានបណ្តុះបណ្តាលមន្រ្តីជំនាញធ្វើការហ្វឹកហាត់ ដល់ជនពិការខ្សោយសតិបញ្ញា ក្នុងគោលបំណងផ្តល់ឱកាសឱ្យពួកគាត់ បានចូលរួមក្នុងសកម្មភាពសង្គម។

ពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ។ ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងបានចំណាយថវិការដ្ឋយ៉ាងច្រើន គឺសំដៅជួយដល់ជនពិការ និងក្រុមគ្រួសារទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈ ប្រកបដោយគុណភាព រួមទាំងជំរុញអោយជនមានពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោត ការទទួលបានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូលពិការភាពក្នុងគ្រប់វិស័យតាមរយៈការកែសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្ត ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាពទៅគ្រប់ក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចេរភាពសម្រាប់ជនមានពិការភាពនៅប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ការរៀបចំដំណើរការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣ នៅខេត្តព្រៃវែង មានសមាសភាពចូលរួមសរុប ប្រតិភូកីឡា អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេស អាណាព្យាបាល ចំនួន ១៤១ នាក់។ ប្រកួតលើ៣ប្រភេទកីឡា គឺកីឡាអត្តពលកម្ម បុរស – នារី , កីឡាបាល់ទាត់យូនីហ្វាយ និងកីឡាបាល់ទាត់៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner