កាណាដាសង្ស័យថារដ្ឋាភិបាលឥណ្ឌាអាចនៅពីក្រោយឃាតកម្មលើមេដឹកនាំម្នាក់នៃក្រុមអ្នកកាន់សាសនាស៊ិក
អូតាវ៉ា៖ប្រទេសកាណាដាកាលពីថ្ងៃចន្ទបានអះអាងថា ខ្លួនពិតជាសង្ស័យថារដ្ឋាភិបាលឥណ្ឌាអាចនៅពីក្រោយការបាញ់សម្លាប់មេដឹកនាំក្រុមកាន់សាសនាស៊ិក (Sikh) ម្នាក់នៅខេត្តប្រ៊ីធីហ្សកូឡុំប៊ី កាលពីខែមិថុនា ដែលធ្វើឱ្យទំនាក់ទំនងកាណាដា-ឥណ្ឌាកាន់តែតានតឹង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយក្នុងសេចក្តីថ្លែងការណ៍បន្ទាន់មួយទៅកាន់សភាថា ការជាប់ពាក់ព័ន្ធណាមួយរបស់រដ្ឋាភិបាលបរទេសក្នុងការសម្លាប់ពលរដ្ឋកាណាដា គឺជា «ការរំលោភលើអធិបតេយ្យភាពរបស់យើង ដែលមិនអាចទទួលយកបាន»។
គួរបញ្ជាក់ថា លោក Hardeep Singh Nijjar ដែលជាមេដឹកនាំក្រុមអ្នកកាន់សាសនាស៊ិខ និងមានសញ្ជាតិកាណាដា ត្រូវបានបាញ់សម្លាប់នៅខាងក្រៅវិហារសាសនាស៊ិខកាលពីថ្ងៃទី ១៨ ខែមិថុនា ក្នុងសង្កាត់ Surrey នៃក្រុងវែង្គឃូវឺរ ដែលមានប្រជាជនស៊ិខរស់នៅច្រើន។ លោក Nijjar បានគាំទ្រឱ្យមានការបង្កើតរដ្ឋផ្ដាច់ខ្លួនសម្រាប់ប្រជាជនស៊ិខក្នុងរដ្ឋ Khalistani នៃប្រទេសឥណ្ឌា ហើយត្រូវបានរដ្ឋាភិបាលឥណ្ឌាចាត់ទុកថាជាភេរវករ ក្នុងខែកក្កដា ឆ្នាំ២០២០។
លោក ទ្រូដូ បាននិយាយកាលពីថ្ងៃចន្ទថា ភ្នាក់ងារសន្តិសុខកាណាដាបាននិងកំពុងបន្តសង្ស័យលើទំនាក់ទំនងដែលពិតជាអាចមាន រវាងភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា និងការស្លាប់របស់លោក Nijjar។
លោកបន្តថា លោកបាននិយាយពីឃាតកម្មនេះដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលីកាលពីសប្តាហ៍មុន ហើយបានជំរុញឱ្យរដ្ឋាភិបាលឥណ្ឌា សហការជាមួយកាណាដាដើម្បីស៊ើបអង្កេតជីកឬសជីកគល់លើសំណុំរឿងនេះ។
ចំណែកឯរដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយថា ប្រទេសកាណាដាក៏បានបណ្តេញភ្នាក់ងារស៊ើបការណ៍សម្ងាត់កំពូលរបស់ឥណ្ឌានៅកាណាដាកាលពីថ្ងៃចន្ទ ដោយមិនបានផ្តល់ព័ត៌មានលម្អិត។ គណៈកម្មការជាន់ខ្ពស់ឥណ្ឌានៅក្រុងអូតាវ៉ា មិនទាន់ចេញការប្រតិកម្មយ៉ាងណានោះទេជុំវិញករណីនេះ។
គេមើលឃើញថា ការអត្ថាធិប្បាយរបស់លោក ទ្រូដូ បង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃភាពតានតឹងរវាងប្រទេសកាណាដា និងឥណ្ឌា ខណៈទីក្រុងញូវដេលី មិនសប្បាយចិត្តចំពោះសកម្មភាពបំបែកខ្លួនស៊ិខនៅកាណាដា។
ទោះយ៉ាងណាក៏ដោយ លោក ទ្រូដូ មិនបានចោទឥណ្ឌាដោយផ្ទាល់ថាជាប់ពាក់ព័ន្ធនឹងឃាតកម្មលោក Nijjar នោះទេ ហើយក្រោយមកលោកស្រីរដ្ឋមន្ត្រីការបរទេស Joly បានប្រើភាសាប្រយ័ត្នប្រយែងជាងមុន ដោយនិយាយថា ប្រសិនបើការចោទប្រកាន់ត្រូវបានលាតត្រដាងថាជាការពិត កាណាដាមិនអាចទទួលយកបាននោះទេ។
គួរបញ្ជាក់ថា ក្រុមស៊ើបអង្កេតការធ្វើអត្តឃាតរួមបញ្ចូលគ្នានៃរដ្ឋប្រ៊ីធីហ្សកូឡុំប៊ី បាននិយាយកាលពីខែមុនថា មានជនសង្ស័យចំនួន ៣ នាក់ជុំវិញឃាតកម្មលោក Nijjar ប៉ុន្តែមិនទាន់មានការចាប់ខ្លួនណាមួយកើតឡើងទេមកទល់ពេលនេះ។
ប្រទេសកាណាដាមានប្រជាជនស៊ិក ច្រើនជាងគេក្រៅតែពីនៅរដ្ឋ Punjab ដែលជាស្រុកកំណើតរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌា ហើយប្រទេសនេះ បានក្លាយជាកន្លែងនៃបាតុកម្មរបស់ក្រុមស៊ិខជាច្រើនដែលធ្វើឱ្យប្រទេសឥណ្ឌាមានការខឹងសម្បារ៕
ប្រែសម្រួល៖ហួន ឌីណា