ក្រសួងការងារប្រាប់ឱ្យមានការរៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមរោងចក្រ សហគ្រាស
(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ ដែលរមណីយដ្ឋានប្រាសាទកោះកេរ កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយដោយបានប្រាប់ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ឱ្យមានការរៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមរោងចក្រ សហគ្រាសនៅថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧០០នាទីព្រឹក ចំនួន ១៥នាទី ឱ្យបានព្រមៗគ្នា។
ក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ផងថាការធ្វើដូច្នេះគឺ ដើម្បីយើងចូលរួមអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុង បញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ជាមួយគ្នាក្រសួង បានណែនាំដល់ម្ចាស់ ឬនាយករោងចក សហគ្រាសទាំងអស់ ត្រូវជួបជុំគ្នាជាមួយបងប្អូនកម្មករនិយោជិតនៅក្នុងបរិវេណសមស្របនៃទីតាំងរោងចក្រសហគ្រាសរៀងខ្លួន ដើម្បីធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន។
ក្រសួងបានបញ្ជាក់ប្រាប់ដល់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយ រីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្តីសម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន ឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ៖ ម៉ាដេប៉ូ