លោក ណយ ផាណា៖ ការឈ្នះមេដាយនេះ កើតចេញពីការខិតខំពិតប្រាកដ មិនមែនហេងស៊យ និងចៃដន្យនោះទេ
(ភ្នំពេញ)៖ ការឈ្នះមេដាយពីការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី គឺកើតចេញពីការខិតខំពិតប្រាកដ មិនមែនហេងស៊យនើទេ។ នេះជាការបញ្ជាក់របស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម័ន្ធកម្ពុជា និងជាប្រធានប្រតិភូ អោយដឹងក្រោយដឹកនាំកីឡាករ កីឡាការិនី កាយសម័ន្ធត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្តិភាព នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
លោកអគ្កលេខាធិការ បន្តថា «ផ្អែកលើផែនការហ្វឹកហាត់ច្បាស់លាក់ និងមានការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ពីឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធ ជាមួយការត្រៀមខ្លួនរួចរាល់ក្រោយបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កីឡាករ-កីឡាការិនីរបស់ខ្លួនសម្រាកបានតែ ១០ថ្ងៃប៉ុណ្ណោះ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមការប្រកួតជើងឯកអាស៊ីនេះ ទើបធ្វើអោយទទួលបានលទ្ធផលល្អបែបនេះ។ លោក បន្ថែមថា មេដាយនេះ កើតចេញពីការខិតខំពិតប្រាកដ មិនមែនហេងស៊យ ដោយសារពិន្ទុរវាងក្រុមកីឡាការិនីកម្ពុជា និងកូរ៉េ ខុសគ្នាបន្តិចបន្តួច ដូច្នេះហើយលទ្ធផលមិនមែនចៃដន្យទេ។
អគ្គលេខាធិការសហព័ន្ធដដែល គូសបញ្ជាក់ថា កីឡាជំនាញ ក្រៅពីការហ្វឹកហាត់ ទាមទារចូលរួមការប្រកួតច្រើន ពិសេសការប្រកួតអន្ដរជាតិ ។ តែរាល់ការប្រកួតអន្ដរជាតិ មិនមែនផ្ដោតតែលើបទពិសោធន៍នោះទេ ត្រូវមានការកំណត់ច្បាស់លាស់ ដើម្បីទទួលយកគុណផល និងលទ្ធផលជូនជាតិ ក៏ដូចជាការទទួលយកបទពិសោធន៍ តាមរយៈការស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីដុសខាតសមត្ថភាពបន្ថែម ។
លោក ណយ ផាណា សង្គត់ធ្ងន់ថា សមិទ្ធផលនេះ គឺមានការចូលរួមច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធ បានផ្តល់ការលើកទឹកចិត្តសាកសួរសុខទុក្ខ និងថ្លែងអរគុណដល់សម្តេចតេជោ សម្តេចធិបតី និងថ្នាក់ដឹកនាំជាន់ខ្ពស់ដែលបានចូលរួមអបអរសាទរផងដែរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី កម្ពុជាបញ្ជូនកីឡាករ កីឡាការិនី គ្រូបង្វឹក សរុប១១នាក់ចូលរួម ដឹកនាំដោយលោក ណយ ផាណា ក្នុងនាមប្រធានប្រតិភូ ជាលទ្ធផលដណ្ដើមបានមេដាយមាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង ៕
ចាន់ វិចិត្រ