កម្ពុជាស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ចិនលើគម្រោងស្រាវជ្រាវរាជវាំងនៅតំបន់អង្គរ គម្រោងអភិរក្សនិងជួសជុលប្រាសាទព្រះវិហារ
ភ្នំពេញ៖ កម្ពុជាបង្ហាញការស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ចិនលើគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅតំបន់អង្គរ និងគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ខណៈកន្លងមកភាគីចិនក៏ធ្លាប់បានជួយក្នុងការងារអភិរក្ស និងជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវនៅតំបន់អង្គរនៃខេត្តសៀមរាបផងដែរ។
ការបង្ហាញការស្វាគមន៍នេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន អំឡុងពេលកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៨ ខែកញ្ញា បានឱ្យដឹងថា លោកជំទាវ ភឿង សកុណា បានលើកឡើងពីចំណងមិត្តភាពល្អជាប្រពៃណីរវាងចិន និងកម្ពុជា ដែលកើតមានឡើងតាំងពីសម័យអង្គរ និងបន្តរហូតមកដល់បច្ចុប្បន្ននេះដែរ។
លើសពីនេះ ភាគីទាំងពីរបានលើកសរសើរពីការចូលរួមចំណែកក្នុងការងារអភិរក្ស និងជួលជុលប្រាសាទរបស់កម្ពុជា ដែលក្នុងនោះមានការជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវនៅតំបន់អង្គរ។
ក្រសួងបានបញ្ជាក់ថា ៖ «រដ្ឋមន្ត្រីក្រសួងវប្បធម៌បានសម្តែងការស្វាគមន៍លើឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ចិន នូវគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅតំបន់អង្គរ និងគម្រោងអភិរក្សជួសជុលគោបុរៈទី១ ទី២ និងទី៣ នៅប្រាសាទព្រះវិហារ ហើយចិនក៏បានសន្យាពិនិត្យលទ្ធភាពក្នុងការលើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌នៅពេលអនាគតផងដែរ»។
ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញាថា គម្រោងសិក្សាស្រាវជ្រាវ និងជួសជុល អភិរក្ស ដែលកម្ពុជា និងចិន បានចុះអនុស្សរណៈយោគយល់គ្នារួចស្រេចហើយ ហើយក៏បានឯកភាពគ្នារួចហើយដែរ បូករួមការសម្រេចពីគណៈកម្មការអាយស៊ីស៊ីអង្គរ (ICC-Angkor) ខណៈភាគីទាំង២ ពិភាក្សាគ្នានេះដើម្បីជំរុញកិច្ចការទាំងនេះ។

លោកបានថ្លែងថា ៖ «ចិនមិនខុសពីបណ្តាប្រទេសផ្សេងៗនោះទេ ដែលមានភាពសកម្មជាមួយកម្ពុជា ខណៈប្រទេសភាគច្រើនយកវិស័យវប្បធម៌ជាយានមួយដើម្បីកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសកាន់តែជិតស្និទ្ធ។ វប្បធម៌ជាយន្តការមួយពង្រឹងបន្ថែម ភាពកាន់តែចូលកិតគ្នា ហើយវិស័យវប្បធម៌នៅកម្ពុជាក្លាយជាទីតាំងមួយដែលពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលស្របនឹងគោលនយោបាយរដ្ឋាភិបាល»។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានបង្ហាញការសាទរចំពោះកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ទៅលើការសិក្សាស្រាវជ្រាវ ការអភិរក្ស និងជួសជុល ទីតាំងបុរាណស្ថាន ប្រាសាទបុរាណខ្មែរនេះផងដែរ។
លោកបានបន្ថែមថា ប្រាសាទបុរាណខ្មែរដែលជាមរតកវប្បធម៌រូបី ហើយដែលប្រាស្រ័យជាមួយធម្មជាតិ ហាលភ្លៀង ហាលខ្យល់ គឺងាយនឹងរងការប៉ះពាល់ដែលទាមទារការមើលថែយកចិត្តទុកដាក់ ក្នុងកិច្ចការផ្នែកអភិរក្ស និងជួសជុល ដែលលោកសង្ឃឹមថា ការងារទាំងនេះនឹងមាននិរន្តរភាពពីការជ្រោមជ្រែងពីបរទេស និងពីកិច្ចខិតខំរបស់កម្ពុជាខ្លួនឯងដែរ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា